ការចេះលើកទឹកចិត្តខ្លួនឯងគ្រប់ពេលជាកត្តានាំទៅរកភាពជោគជ័យរកទីបំផុតគ្មាន

Archive for ខែ​មេសា, 2012

ជីវិតឆ្កែអង្គែស៊ី

(បទភុជង្គលីលា)
១. ជីវិតឆ្កែអង្គែស៊ី រុយជប់លៀងស៊ី វក់វីសប្បាយ។
២. សត្វមមង់ហើរមិនឆ្ងាយ រីករាយក្អាកក្អាយ ឡែបខាយដៀលឆ្កែ។
៣. ខ្លួនស្បែកដំបៅហូរហែរ ជ្រុះរោមគេស្នេហ៍ មានតែមើលងាយ។
៤. បីដូចកើតឃ្លង់ព្រេងនាយ ឆ្កែចាស់ទូលស្ពាយ មិនងាយសះស្បើយ។
៥. ម្ចាស់ប្រែស្អប់ខ្ពើមកន្តើយ ឈប់ថើបកៀកកើយ ឆ្លងឆ្លើយប្រឡែង។
៦. ជីវិតឆ្កែដូចកំប្លែង ញាតិហាក់ឈប់ក្រែង ជាក់ស្តែងព្រួតខាំ។
៧. តើនេះឬហៅផលកម្ម? ឆ្កែនឿយរាប់ឆ្នាំ ទ្រាំចាំថែផ្ទះ។
៨. ពេលសត្រូវមករូតរះ ប្រខាំចាញ់ឈ្នះ ស៊ូលះបង់កាយ។
៩. ចុងក្រោយម្ចាស់វាលែងស្តាយ ទង្វើទាំងឡាយ បកស្រាយមិនចេញ។
១០. ត្រូវម្ចាស់វាយជេរបណ្តេញ ឆ្កែថ្មីហាក់ស្ញេញ បញ្ចេញគ្រហឹម។
១១. គំរាមឲ្យខ្លាចគ្មានផ្ទឹម បាត់អស់សង្ឃឹម សល់ត្រឹមបៀមទុក្ខ។
១២. ម្ចាស់ឆ្អើមមិនចង់ឃើញមុខ ទ្រូងក្តៅគគុក មិនទុកមិនស្តាយ។
១៣. បំភ្លេចគុណឆ្កែទាំងឡាយ ឥតសោកខ្វល់ខ្វាយ ដេញឆ្ងាយបោះបង់។
១៤. ទោះបីចង់ឬមិនចង់ ឆ្កែគ្មានអ្នកស្រង់ ឯងអង្គឯកា។
១៥. ឆ្កែអង្គែស៊ីខ្លោចផ្សា គ្មានអ្វីតវ៉ា វាសនាចុងក្រោយ។
១៦. ខ្លួនចាស់ស្វិតស្គមជ្រុលហើយ ទោះចង់បកក្រោយ គ្មានឡើយឱកាស។
១៧. ខ្ញុំពិតឃើញឆ្កែយ៉ាប់ណាស់ ដំបៅស្អេកស្កះ ដេរដាស់គួរគិត។
១៨. ទើបសង្វេគព្រួយខ្លោចចិត្ត តឹងទ្រូងអាណិត ឆ្កែពិតកម្សត់។
១៩. ត្រូវម្ចាស់វាយជេរជូរចត់ រស់នៅជនបទ ស៊ីអត់ស៊ីឃ្លាន។
២០. ទើបខ្ញុំប្រឹងតែងនិទាន ថ្ងៃក្រោយកុំមាន ចិត្តហ៊ានល្មើសគុណ។

នៅៈថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១២ (ម៉ោងៈ ១១ៈ៣៥ នាទីព្រឹក)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/០១០ ៧៣០ ០៨៣

គ្រូពេទ្យ

(បទពំនោល)
១. បើខ្ញុំឈឺគឺទៅណា? ទៅពេទ្យឬផ្សារ មេត្តាជួយប្រាប់ខ្ញុំផង។
២. បើទៅពេទ្យដូចអ្នកផង ហាក់នាំសៅហ្មង តបស្នងសងផ្លូវចិត្តឈឺ។
៣. បើអត់លុយពេទ្យហាក់ឌឺ ជួយហាក់បញ្ឈឺ ឃើញឮសាយសុសជាក់ស្តែង។
៤. ពេទ្យខ្លះធ្វើហាក់កំប្លែង សីលធម៌ដូចផ្សែង សម្ញែងអួតសញ្ញាប័ត្រ។
៥. ទង្វើខ្លះថោកជាងសត្វ អ្នកជំងឺស្កាត់ ភ្លេចបាត់អស់តួនាទី។
៦. បានលុយហាក់ប្រឹងសំភី ហៅចែកគ្នាស៊ី វក់វីហាក់ខំឧស្សាហ៍។
៧. អ្នកឈឺឥតលុយវិញណា ដូចគ្មានឈឺឆ្អា រត់ការព្យាបាលលឿនឡើយ។
៨. ដល់ញាតិគេហុចលុយឲ្យ បានដើរតាមក្រោយ ខំដោយចិត្តហាក់ខ្នះខ្នែង។
៩. ខ្ញុំស្តីមិនមែនកំប្លែង ជួបពិតខ្លួនឯង ជាក់ស្តែងប្រពន្ធឈឺពោះ។
១០. សុំស្តីមិនឲ្យចំឈ្មោះ ខុសឆ្គងទាប់ខ្ពស់ កិត្តិយសពេទ្យខ្មែរនោះទេ។
១១. ហេតុអ្វីខ្មែរឈឺទៅគេ គំនិតប្រែវេរ គ្នាន់គ្នេរបាត់ទំនុកចិត្ត។
១២. ទី១សីលធម៌ស្រុតពិត ពេទ្យលក់គំនិត ស្នេហ៍ស្និទ្ធគិតតែរឿងលុយ។
១៣. ទី២ចាយច្រើនសោរហ៊ុយ ព្យាបាលស្ទូចលុយ ដូចរុយវក់ឆ្ងាញ់លាមក។
១៤. បុណ្យបាបលែងខ្លាចនរក គិតតែបក្សពួក ប្រឹងលក់កិត្តិយសពេទ្យខ្មែរ។
១៥. ទី៣ស៊ីលុយហួរហែរ តែមិនពូកែ វក់តែក្លីនិចខាងក្រៅ។
១៦. ចាំបាច់ទាល់ដុល្លារហៅ មិនស្រួលឆេះក្តៅ កម្លៅមិនងាយមកជួយ។
១៧. ពេទ្យរដ្ឋមិនសូវលើកស្ទួយ បោកតែជំនួយ រំអួយសុំគេឧបត្តម្ភ។
១៨. ការងារហាក់ប្រឹងបន្លំ ធ្វើហាក់ដូចខំ សន្សំបុណ្យសក្តិដុល្លារ។
១៩. មិនសូវអាសូរខេមរា ហាក់ខ្វះមេត្តា ករុណាមនុស្សផងគ្នា។
២០. បើខឹងពាក្យខ្ញុំនិន្ទា សូមកែគ្រប់គ្នា វេលាមិនហួសពេលឡើយ។
២១. បើខុសពិតខ្មែរថាឲ្យ ឯពេទ្យល្អហើយ ថ្ងៃក្រោយកេរ្តិ៍ឈ្មោះអមតៈ។

នៅៈថ្ងៃចន្ទ័ ទី០៨ ខែមេសា ឆ្នាំ២០១២ (ម៉ោងៈ ១១ៈ៣៥ នាទីព្រឹក)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/០១០ ៧៣០ ០៨៣

ព្រះគុណម៉ែ

(បទក្របចក្រវាឡមេ៩)

១. ព្រះគុណម៉ែ កែមិនបាន ប្រាណគួរចាំ ពុកសូមផ្តាំ សាំកុំមាន ហ៊ានដឹងគុណ
កូនប្រុសស្រី អ្វីអាចភ្លេច គេចទៅមុន តែកុំស៊ុន ធ្ងន់មិនគិត ពិតគុណម៉ែ។
២. ទោះខុសត្រូវ នូវទង្វើ ធ្វើមិនសម ម៉ែវាយដំ ខំប្រដៅ ក្តៅហូរហែរ
កូនកុំខឹង ប្រឹងបំភ្លេច គេចកែប្រែ ជេរដៀលឆ្កែ ម៉ែអាត្មា ថាមើលងាយ។
៣. ធ្វើនេះខុស ប្រុសស្រីយល់ គល់បញ្ហា ម៉ែនេះណា ថ្លាដួងចិត្ត ពិតស៊ូស្ពាយ
ពពោះកូន សូន្យមិនខ្លាច អាចនិយាយ តាំងព្រេងនាយ ទាយសុខុម ឆុតណាស់។
៤. គួរដឹងគុណ ធ្ងន់នៃម៉ែ ថែរហូត មិនរបូត លោតប្រែចិត្ត ពិតស្មោះច្បាស់
និងសុខសាន្ត បានធូរធារ ជាបុណ្យណាស់ ព្រះជាម្ចាស់ អាណិត ពិតជួយថែ។
៥. រកអ្វីកប ស្របផ្តល់ផល សល់ផ្គាប់ចិត្ត ឆ្ងាយងងឹត ពិតពីព្រោះ រស់មានម៉ែ
ញាតិស្រលាញ់ ក្នាញ់អាណិត គិតហូរហែរ ទេព្តាស្នេហ៍ ថែលុះសូន្យ កូនដឹងគុណ។

នៅៈថ្ងៃចន្ទ័ ទី០៨ ខែមេសា ឆ្នាំ២០១២ (ម៉ោងៈ ១១ៈ៣៥ នាទីយប់)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/០១០ ៧៣០ ០៨៣

ក.ខ.គ…!

(បទពាក្យ៧)
១. ក កុក ចាស់ថាតែភ្លេចជុង ខ ខ្លា មិនល្ងង់បោះបង់សាច់
គ គោ សត្វស្លូតស៊ូប្តូរផ្តាច់ ឃ ឃ្មុំ ខ្ពើមអាចម៍មិនដូចរុយ។
២. ង ងាវ ឆ្ងាញ់ឈាមគេចូលចិត្ត ច ចាប តូចល្អិតមិនស្គាល់លុយ
ឆ ឆ្មា ឆ្ងាញ់ណាស់កណ្តុរនុយ ជ ជីងចក់ រុយសត្រូវគ្នា។
៣. ឈ ឈ្លើង ខ្លាំងណាស់ល្បិចបឺតឈាម ញ ញញឹមស្ងៀមអាចចិត្តមារ
ដ ដំរី សត្វហាក់មហិមា ឋ ឋានីយ ជាទីរថភ្លើង។
៤. ឌ ឌឺ អាចនាំអាប់យស ឍ ឍាល ការគ្រោះខែលនៃយើង
ណ ណាំង ស្បែកធំល្ខោនអាងភ្លើង ត តោ ខុសឈ្លើងសត្វមំសា។(សត្វស៊ីសាច់)
៥. ថ ថើប សម្រើបស្ទើរហើបជើង ទ ទា ខ្ពើមទ្រើងមិនប្រាថ្នា
ធ ធ្នូ បុរាណប្រើប្រហារ ន នាឡិកា ផ្ទៀងវេលា។
៦. ប បាល់ គេទាត់លេងសប្បាយ ផ ផ្កា ទាំងឡាយឃ្មុំនឹកនា
ព ពស់ សត្វពិសគេខ្លាចវា ភ ភេ គ្រប់គ្រាប្រាថ្នាត្រី។
៧. ម មាន់ សត្វស្លាបរងាវឮ យ យក្ស គេព្រឺបើជួបភ័យ
រ រៃ ល្បីច្រៀងមិនខ្វល់ឆី ល លា ធៀបន័យខ្សោយចំណេះ។
៨. វ វត្ត ស្រែបុណ្យខ្មែរត្រូវការ ស សេះ នេះណាអូសរទេះ
ហ ហង្ស រោមមាសមិនប្រផេះ ឡ ឡាន បញ្ឆេះទើបបើកបាន។
៩. អ អស់វាចាថ្លែងបន្ត អ អស់អក្សរតែងសូត្រអាន
អ អស់រាស្រខ្មែរសូមសុខសាន្ត អ អស់សន្តានខ្ញុំសូមលា។

នៅៈថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០១២ (ម៉ោងៈ ១១ៈ៣៥ នាទីព្រឹក)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/០១០ ៧៣០ ០៨៣

ជូនពរឆ្នាំថ្មី

(បទពំនោល)

១. ខ្ញុំសូមជូនពរឆ្នាំថ្មី ខ្មែរជួបសិរី ប្រុសស្រីទូរទាំងរដ្ឋា។
២. រកស៊ីមានបានផ្លែផ្កា សំបូរហឺហារ ត្រូវការមិនខ្វះប្រាក់ចាយ។
៣. សុវត្ថិភាពជិតឆ្ងាយ គ្រប់គ្នាសប្បាយ ខ្វល់ខ្វាយរលាយបាត់អស់។
៤. ទុក្ខសោកកម្មពៀរកៀនកោះ ត្រូវបានស្រាយអស់ ដូរដោះប្តូរវិញសុខសាន្ត។
៥. ក្មេងចាស់ប្រុសស្រីគ្រប់ប្រាណ រស់សុខក្សេមក្សាន្ត ជួបបានតែក្តីមង្គល។
៦. សត្រូវកុំឲ្យជួបជល់ ប្រែមិត្តយោគយល់ និមលឈ្នះទាំងអស់គ្នា។
៧. កើនយសកើតទ្រព្យហូរហៀរ ខ្មែរឈប់ឈ្លោះគ្នា សុខជាឈ្នះគ្រប់ទិសទី។
៨. ព្រះនាងកិមិរាទេវី គ្រងបឋវី១ នាទីទេព្តាឆ្នាំថ្មី។
៩. លោកប្រោសប្រទានពរជ័យ ដល់ខ្មែរគ្រប់វ័យ ផុតភ័យមិនមានចន្លោះ។
១០. ខ្មែរក្នុងខ្មែរក្រៅទាំងអស់ ចិត្តខ្មៅប្តូរដោះ ស្ម័គ្រស្មោះរួបរួមសាមគ្គី។

សំគាល់ៈ ពាក្យ បឋវី១ គឺអានថា (បៈឋៈវី) ប្រែថា ផែនដី …។ លីម ចំរើន ០៣.០៤.២០១២

ក្រឡានស្ទឹងត្រែង

(បទពំនោល)

១. ឱ!ខេត្តស្ទឹងត្រែងខ្ញុំអ្ហើយ ខ្ញុំព្រាត់អ្នកហើយ គួរឲ្យស្រណោះអាល័យ។
២. ខ្ញុំនឹកអ្នកណាស់ពេកក្រៃ ចងចាំស្រមៃ រាល់ថ្ងៃចងជាប់ក្នុងប្រាណ។
៣. ស្រណោះក្លិនឈ្ងុយក្រឡាន ភូមិហាងខូបាន គ្រប់ប្រាណប្រាថ្នាស្នេហ៍ស្និទ្ធ។
៤. បើបានញ៉ាំម្តងជាប់ចិត្ត ស្កាត់ទីឆ្ងាយជិត ប៉ងគិតទិញផ្ញើគ្នីគ្នា។
៥. ខ្ញុំមិនមែនអួតពណ៌នា ក្រឡានគឺជា វិជ្ជាតំណរគ្រួសារ។
៦. ក្រឡានស្ទឹងត្រែងនេះណា មិនផ្អែមទេណា ពិសាពិតប្លែកអារម្មណ៍។
៧. ទុក្ខព្រួយលាក់ទុកក្រៀមក្រំ ក្រឡានអ្នកស្អំ បន្លំបន្លប់បាត់ព្រួយ។
៨. បើមកស្ទឹងត្រែងសូមជួយ ភ្លក់ក្រឡានមួយ ដូចស្ទួយលើកកិត្តិយសខេត្ត។
៩. ពិសាឆ្ងាញ់ហើយបានឆ្អែត ចិត្តហាក់អណ្តែត ព្រោះហេតុក្រឡានខុសគេ។
១០. មិនផ្អែមមិនប្រៃខ្លាំងទេ រស់ឆ្ងាញ់ឥតរេ មិនជេរក្រឡានស្ទឹងត្រែង។
លីម ចំរើន ០៩.០៤.២០១២

កូនស្រីភ្ញាក់ឡើង

(បទពំនោល)
១. កូនស្រីភ្ញាក់ឡើងណាពៅ អាសូរម៉ែឪ រងនូវទឹកភ្នែករាល់ថ្ងៃ។
២. ព្រោះតែកូនស្រីថ្លើមថ្លៃ បំផ្លាញតម្លៃ ស្រីថ្លៃមាសមេខ្លួនឯង។
៣. ដើរលេងសប្បាយឥតក្រែង ស្នេហ៍ស្និទ្ធអួតស្តែង សម្ញែងមិនខ្មាស់អ្នកផង។
៤. កៀកអើយផ្អែមល្ហែមអូនបង នៅមុខក្រោយខ្នង តបស្នងសងគុណឪម៉ែ។
៥. ធ្វើខ្លួនចរិតប៉ោឡែ ខ្វះញាតិគេស្នេហ៍ មានតែនិយាយដើមហុយ។
៦. កិត្តិយសខូចខុសប្រែផុយ ហាក់រលួយស្អុយ ក្លិនហុយអសោចគ្រួសារ។
៧. គ្មានចិត្តអាសូរម៉ាក់ប៉ា ទ្រូងសែនខ្លោចផ្សា ហួសថ្លាថ្លែងបៀមទុក្ខព្រួយ។
៨. ពិតជាត្រូវការជំនួយ ឲ្យកូនស្រីស្ទួយ សោះជួយព្រួយសោកនៅមុខ។
៩. សូមឲ្យប៉ាម៉ាក់ផុតទុក្ខ ទ្រូងក្តៅគគុក នៅមុខរលាយសោះសូន្យ។
១០.ឱកូន!កូនស្រីអើយកូន សូមធ្វើជាក្បូន សណ្តូនចំលងម៉ែឪ។ `
១១.នាំទុក្ខសូមកុំឲ្យនៅ លុបលាងអាស្រូវ ម៉ែឪមានកិត្តិយស។
១២.គ្រួសារយើងបានខ្ពង់ខ្ពស់ កូនស្រីពីរោះ មានឈ្មោះកូនកតញ្ញូ។
១៣.អ្នកផងពិតយកគំរូ កូនឈប់មូទូ គិតគូកិត្តិយសគ្រួសារ។
១៤.អ្នកផងគេកោតរអា កូនស្រីបញ្ញា រក្សាតម្លៃខ្លួនឯង។
១៥.ម៉ែពុកមិនមែនកំប្លែង ការពិតជាក់ស្តែង ត្រូវក្រែងថែវង្សត្រកូល។

លីម ចំរើន
០៩.០៤.១២

អំណាចទ្វាចិត្ត

(បទបន្ទោលកាក) របៀបទី២
,
១. អំណាចទ្វាចិត្ត កោងកាចមែនពិតគួរខ្លាច
បើឲ្យបាចសាច ពិតកើនអំណាចឲ្យព្រួយ។
២. ទ្វាចិត្តផ្តល់ទុក្ខ ក្តីសុខនៅមុខជាមួយ
មិនមានអ្នកជួយ ក្រៅពីជំនួយខ្លួនឯង។
៣. ទ្វាចិត្តមនុស្ស ត្រូវប្រឹងដុសឈូសចេះក្រែង
ឃុំគ្រងខ្លួនឯង ក្តីទុក្ខចំបែងពិតឆ្ងាយ។
៤. ទ្វាចិត្តមានប្រាំ ព្រះពុទ្ធលោកផ្តាំបកស្រាយ
បណ្តោយអន្តរាយ នាំចិត្តបែកសាយខុសផ្លូវ។
៥. ទី១ផ្លូវភ្នែក នាំចិត្តបែកមែកពេកកូវ
ជួនភ្លេចខុសត្រូវ នាំឲ្យធ្លាក់ផ្លូវកាមគុណ។
៦. ឆ្កួតរូបល្អស្អាត ចិត្តគំនិតផ្លាតគយគន់
ស្រមៃពេកពន់ ភ្លេចទោសស្រាលធ្ងន់នាំគ្រោះ។
៧. ដូចវង្វេងទ្រព្យ ឃើញគេមានភ័ព្វចង់ឈ្លោះ
ផ្ចាញ់ផ្ចាលកេរ្តិ៍ឈ្មោះ សម្ញែញទ្រព្យយសបៀតបៀន។
៨. ខ្លះប្រែច្រណែន ប្រើល្បិចបត់បែនចិត្តហ៊ាន
ព្រោះក្រចង់មាន ភ្នែកនាំឲ្យញៀនភ្លេចគិត។
៩. ខ្លះចាស់ជាក់ស្តែង បែរប្រឹងតុបតែងប្រឌិត
រាល់ថ្ងៃប្រឹងគិត មិនសូវស្ងប់ចិត្តខ្វាយខ្វល់។
១០. ជ្រើមជ្រួលវង្វេង ចាស់ចង់ធ្វើក្មេងច្របល់
ហាក់ភ្លេចហេតុផល កាយចាស់កម្មផ្តល់ធម្មជាតិ។
១១. ទី២ផ្លូវមាត់ ខ្លាំងគ្មានអ្នកឃាត់ចោលម្សៀត
ស្តីគ្មានមារយាទ ប៉ិនប្រើល្បិចស្នៀតពិសពុល។
១២. មាត់ខ្លះគួរខ្លាច មាត់មន្តអំណាចយ៉ាប់យល់
និយាយមង្គល និយាយផ្តើមគល់បញ្ហា។
១៣. មាត់ខ្លះសំភី ស្តីហួសនាទីវោហារ
មិនច្បាស់ត្រង់ណា ពេលខ្លះស្តីថាហួសច្បាប់។
១៤. ចុងក្រោយគេទាន់ ភ័យស្លន់ដូចមាន់គេចាប់
ពេលខ្លះអាចស្លាប់ មិនបានស្តីប្រាប់ផ្តែផ្តាំ។
១៥. មាត់ខ្លះគួរស្អប់ ប៉ិនស្តីឡិកឡប់ប្រចាំ
ណែនាំមិនចាំ អ្នកផងលឺសាំគ្មានន័យ។
១៦. ទី៣ច្រមុះ ទ្វាអាចនាំខុសគិតខ្លី
អាងក្លិនមិនអី វង្វេងថ្ពាល់ស្រីមិនខ្វល់។
១៧. មាត់ថា,ភ្នែកគន់ សប្បាយកាមគុណសោយសល់
ទ្វាបីនាំខ្វល់ នាំចិត្តច្របល់វង្វេង។
១៨. ច្រមុះផ្តេសផ្តាស់ ទោះមនុស្សចាស់ផ្លាស់ក្មេង
ឈ្លក់ក្លិនផ្សេងៗ នាំចិត្តឃ្លោងឃ្លេងសោកព្រួយ។
១៩. ពេលក្លិនទៅបាត់ ចិត្តសោកព្រួយស្កាត់រំអួយ
ត្រូវការជំនួយ សោយក្លិនបាត់ព្រួយម្តងទៀត។
២០. ទ្វានេះអាចគ្រោះ បាត់បង់កេរ្តិ៍ឈ្មោះបង់ម្សៀត
បើឥតមារយាទ អាចនំាចិត្តឃ្លាតក្តីស្ងប់។
២១. មនុស្សល្អជា អាចត្រូវវេទនាស្ទើឡប់
ច្រមុះបន្លប់ ហិតក្លិនមិនស្អប់វង្វេង។
២២. ទី៤ត្រចៀក ទ្វាអាចនាំងាកបែកឆ្វេង
ពេលខ្លះដូចក្មេង គេនិយាយលេងសរសើរ។
២៣. បែរជាមិនគិត បណ្តោយឲ្យចិត្តហោះហើរ
មិនទប់ដំណើរ ឆ្កួតពាក្យសរសើរសប្បាយ។
២៤. ដល់ពេលយូរទៅ សរសើរមិននៅឃ្លាតឆ្ងាយ
បែរព្រួយចិត្តស្តាយ នាំសោកខ្វល់ខ្វាយមិនស្វាង។
២៥. ជួនឮមិនច្បាស់ នាំចិត្តខំណាស់ប្រឹងសាង
ដល់គ្មានអ្វីអាង ចិត្តធ្លាប់ក្អេងក្អាងឈប់អួត។
២៦. ត្រចៀកខ្លះយ៉ាប់ នាំគ្រោះដល់ស្លាប់ឬឆ្កួត
ព្រោះតែអំនួត គេសរសើរអួតប្រឹងគិត។
២៧. ទី៥ទ្វាកាយ នាំសោកសប្បាយដល់ចិត្ត
ជួនឲ្យព្រួយពិត ខ្ញុំមិនប្រតិដ្ឋកំប្លែង។
២៨. ដូចកាយស្គមធាត់ ចិត្តនាំឲ្យមាត់ចំបែង
រអ៊ូថ្លាថ្លែង ចិត្តខ្មាសគេឯងព្រោះកាយ។
២៩. កាយខ្លះធ្លាប់ស្រួល ដល់ពេលប្រែប្រួលនឹកស្តាយ
សោកព្រួយស្អប់បាយ លែងឃ្លានជិនណាយឆ្អែតចិត្ត។
៣០. ដូចកាយខ្លះខ្មៅ ព្រួយចិត្តសោកសៅគេងគិត
ចង់សល្អពិត ខំតុបតែងប្រិតខ្វាយខ្វល់។
៣១. ដូចខ្លះកាយ.ស ដល់ខ្មៅមិនល្អច្របល់
ចិត្តព្រួយសល់វល់ ចំបែងស្ទើខ្យល់មិនស្ងប់។
៣២. អ្នកខ្លះកាយចាស់ ចិត្តព្រួយប្តូរផ្លាស់ចង់ឡប់
តែងកាយគួរស្អប់ ចាស់កាយត្រឡប់ចង់ក្មេង។
៣៣. នេះរឿងជាក់ស្តែង មិនមែនកំប្លែងលលេង
ទ្វាប្រាំដូចភ្លេង ពង្វក់វង្វេងដល់ចិត្ត។
៣៤. បើគ្រងមិនល្អ ពិតល្អក់កករជីវិត
អាចវិភាគគិត ខ្ញុំមិនប្រឌិតអត្ថន័យ។
៣៥. ក្រែងខុសខ្ពស់ទាប តែងមិនសុភាពថាស្តី
សូមត្រាប្រណី អ្នកអានប្រុសស្រីខ្ញុំផង។

លីម ចំរើន (០១.០៤.២០១២) ម៉ោង៩ៈ៣០នាទីព្រឹក

ឫកអ្នកផឹកស្រា

(បទបន្ទោលកាក) របៀបទី១
១. ឫកអ្នកផឹកស្រា វោហារភ្លេចក្រែងតែងអួត
ផឹកច្រើនដូចឆ្កួត ដេកក្អួតគេខ្ពើមមិនក្បែរ។
២. ឯអ្នកខ្លះទៀត ចោរម្សៀតស្តីថាប៉ោឡែ
អ្នកផងមិនស្នេហ៍ ថៅកែសេដ្ឋីសុំខ្មាស់។
៣. អ្នកខ្លះខ្សត់ទេ ស្តីវេរអួតឆ្នើមបញ្រ្ចាស់
ក្មេងសឹងភ្លេចចាស់ ឬផ្លាស់ចាស់ថោកជាងក្មេង។
៤. ចិត្តស្លូតប្រែកាច កំណាចចិត្តហ៊ានអ្នកលេង
ខួរក្បាលវង្វេង ឃ្លោងឃ្លេងភ្លេចដឹងខុសត្រូវ។
៥. ឥតខ្លាចអ្នកណា មិនថាបងប្អូនម៉ែឪ
ប្រែថោកអាស្រូវ សល់នៅសោកស្តាយក្រោយស្វាង។
៦. ទោះចង់បកក្រោយ គ្មានឡើយអ្វីមកសំអាង
ហេតុទង្វើសាង ត្រេងត្រាងស្រវឹងព្រោះស្រា។
៧. ខ្ញុំមិនប្រតិដ្ឋ ការពិតជាក់ស្តែងច្បាស់ការណ៍
ឫកអ្នកផឹកស្រា វោហារសម្បើមឥតក្រែង។
៨. បើបានអានហើយ សូមឆ្លើយទប់ចិត្តខ្លួនឯង
កុំអាងខែងរែង សម្ញែងយកស្រាធ្វើលេស។
៩. ទោះបីអ្នកប្រាជ្ញ ប្រែអាចគំនិតមិនផេះ
ឆ្កួតស្រាដូច្នេះ ចំណេះអាចប្រែជាសូន្យ។
១០. បើផឹកឲ្យក្រែង គេឯងប្រពន្ធនិងកូន
តម្លៃកុំសូន្យ ដូចក្បូនគ្មានអាងពឹងអ្វី។

លីម ចំរើន (៣០.០៣.២០១២) ម៉ោង៤ៈ៣០នាទីល្ងាច

សំលេងជ្រូកស្រែក

បទពាក្យ៨ទំនើប
១. សំលេងជ្រូកស្រែកសម្រែកខ្លោចផ្សា ខ្ញុំឮពេលណាចិន្តាតក់ស្លុត
ដង្ហើមផ្តើមខ្សោយដង្ហោយស្ទើផុត ចិត្តខ្ញុំស្រយុតរន្ធត់ចិត្តក្រៃ។
២. ចងភ្ជាប់ម៉ូតូស្រែកថ្ងូឈឺចាប់ ហាក់ផ្តាំមុនស្លាប់ភ័យខ្លាចក្សិនក្ស័យ
តែគង់មិនផុតពីការប្រល័យ ដល់ផ្ទះបានដៃចាក់កសម្លាប់។
៣. នេះគឺរឿងពិតខ្ញុំឃើញច្បាស់ភ្នែក ទុក្ខផ្តើមបែកមែកចិត្តព្រួយកាយយ៉ាប់
ជ្រូកប្រឹងស្រែកថ្ងូរសូរគ្មានអ្នកស្តាប់ គេមិនយល់សព្ទ័វាប្រាប់សោកទ្វេ។
៤. ហាក់សុំសន្តោសស្រីប្រុសមេត្តា ដល់ជ្រូកផងណាមិនចង់ស្លាប់ទេ
ទោះមនុស្សសត្វទាំងខ្ញុំទាំងគេ តែងគិតគ្នាន់គ្នេរប្រាថ្នាជៀសស្លាប់។

លីម ចំរើន ២៩.០៣.២០១២