ការចេះលើកទឹកចិត្តខ្លួនឯងគ្រប់ពេលជាកត្តានាំទៅរកភាពជោគជ័យរកទីបំផុតគ្មាន

Archive for ខែកញ្ញា, 2012

ឥទ្ធិពលខ្យល់មាត់ពីរឃ្លា

(បទភុជង្គលីលា) ប្រស្នា
១. ឥទ្ធិពលខ្យល់មាត់ពីរឃ្លា អ្នកផងរាល់គ្នា គ្រប់គ្រាញាប់ញ័រ។
២. មិនថាក្មេងចាស់តែស្គាល់ ឮហើយប៉ះពាល់ ដោយផ្ទាល់អារម្មណ៍។
៣. ខ្លះសុខខ្លះសោកលាយឡំ ហាក់ត្រូវសណ្តំ បង្ខំស្វែងរក។
៤. មនុស្សភាគច្រើនគរគោក លើសាកលលោក ប្រឹងយកមកគិត។
៥. ទំាងឮពិតដូចមិនពិត សោកសប្បាយចិត្ត ព្រោះត្បិតខ្យល់មាត់។
៦. វិលវល់នៅក្នុងវាលវដ្ត ខ្លះត្រូវខ្លះភ្លាត់ យ៉ាប់ឃាត់ចិត្តបាន។
៧. អ្នកខ្លះរស់ដោយសុខសាន្ត ខ្លះរស់យ៉ាប់ប្រាណ រំខានព្រោះវា។
៨. តើអ្វីខ្យល់មាត់ពីរឃ្លា នាំសោកវេទនា ជួនគ្រាសប្បាយ។
៩. អ្នកខ្លះមិនស្អប់មិនណាយ មិនប្រឹងខំស្រាយ ឲ្យកាយវង្វេង។
១០. វិលវល់ដូចឆ្កួតតាមភ្លេង មិនថាចាស់ក្មេង ឃ្លោងឃ្លេងដួងចិត្ត។
១១. វាផ្តើមពាក្យផ្ទុយខ្មៅពិត រឈរមុខស្និទ្ធ ស្នើគិតបាត់ជើង។
១២. ទួញសោកទ្រូងដូចឆេះភ្លើង រមួយទើងមើង ខ្ពើមជើងឈរមុខ។
១៣. ស្នើបាត់ជើងនផុតទុក្ខ បានរពាំងមុខ ចាត់ទុកជាគ្នា។
១៤. ត្រូវផ្សំរូបបញ្ចូលគ្នា ទើបអាចយល់ឃ្លា តើវាពាក្យអ្វី?
១៥. ទាំងរូបមុនក្រោយចាស់ថ្មី កត់គិតឃ្មាតខ្មី យល់ន័យជាក់ច្បាស់។
១៦. ខ្យល់មាត់មួយនេះខ្លាំងណាស់ ទុក្ខសោកស្រឡះ ប្តូរផ្លាស់សប្បាយ។
១៧. អ្នកខ្លះអាចភ្លេចស៊ីបាយ តែពេលឃ្លាតឆ្ងាយ ចិត្តស្តាយទន្ទិញ។
១៨. ឯខ្យល់មាត់មួយនោះវិញ កើតសោកទុក្ខម្មេញ យ៉ាប់ទិញក្តីសុខ។
១៩. ចិត្តកាយហាក់ប្រែចាប់ចុក ឮមិនស្រណុក សំកុកតូចចិត្ត។
២០. ព្រោះត្រូវខ្យល់មាត់រួមរឹត នាំឲ្យយើងគិត ជាក់ពិតខ្វល់ខ្វាយ។
២១. ខ្យល់នោះពាក្យអ្វីសូមស្រាយ ចោទមិនវែងឆ្ងាយ គ្រប់កាយតែងឮ។
២២. អ្នកខ្លះបានស្តាប់អាចឈឺ ពាក្យនោះហាក់ឌឺ ច្រើនព្រឺគ្រប់គ្នា។
២៣.មិនចង់ឮឡើយគ្រប់គ្រា ដូចពាក្យនិន្រ្ទា តែវាបាត់រ។
២៤. ហាក់យំក្តែងៗស្រែកថ្ងូរ ព្រោះបាត់ជើងរ ផ្លាស់ប្តូរសម្រស់។
២៥. អ្នកផងតែងជេរស្តីស្តោះ មិនសមឡើយសោះ ឃ្លាតអស់ន័យដើម។
២៦. ខ្យល់មាត់ពីរនេះវាផ្តើម ជួនសុខទុក្ខកើន ចំរើនព្រោះវា។
២៧. បើចង់សិរីហូរហៀរ ត្រូវប្រឹងការពារ ពីរឃ្លាឲ្យបាន។
២៨. កុំឲ្យខ្យល់នេះរំខាន យកឈ្នះឲ្យបាន ចិត្តប្រាណអាត្មា។
២៩. ខ្យល់មាត់ពីរនេះបញ្ហា វក់គិតពេលណា សុខាឃ្លាតឆ្ងាយ។
៣០. ដូចនេះប្រុសស្រីគួរណាយ អប់រំចិត្តកាយ កុំស្តាយខ្យល់មាត់។
៣១.លោកនេះគ្មានអ្វីទៀងទាត់ សុខទុក្ខគង់ព្រាត់ ចង់ឃាត់មិនបាន។
៣២.បើយកគិតពិតរំខាន រវល់ឥតស្រាន្ត ចិត្តប្រាណមិនស្ងប់។
៣៣.មនុស្សខ្លះអាចប្រែឡប់ ព្រោះគិតមិនស្អប់ ប្រឹងខ្ចប់ស្រលាញ់។
៣៤. ខ្យល់មាត់នោះវាត្របាញ់ សម្លុតឲ្យចាញ់ តាមផ្ចាញ់ចិត្តមនុស្ស។
៣៥. បើចង់សុខត្រូវប្រឹងជុះ យកឈ្នះខ្យល់នោះ ជម្រុសកុំគិត។
៣៦.កាន់ធម៌ខន្តីប្រព្រឹត្ត មិនញាប់ញ័រចិត្ត ជីវិតមង្គល។

លីម ចំរើន ២៧.០៩.២០១២

ចោរក្នុងចិត្ត

រូបភាព

(បទភុជង្គលីលា)ប្រស្នា

    ១.  ចោរក្នុងចិត្តពិតច្រើនក្រៃ           អាចកើនរាល់ថ្ងៃ                ឥតដៃឥតជើង។

    ២.  តែងប្លន់ក្តីសុខរូបយើង              បីដូចឱបភ្លើង                    ឬឈ្លើងបឺតឈាម។

    ៣.  បើភ្លេចខ្លួនមិនបានត្រៀម          វាហាក់អង្កៀម                   ឥតស្ងៀមស៊ីសុខ។

    ៤.  វានាំចិត្តកាយចាប់ចុក               រស់មិនស្រណុក                សម្រុកប្លន់ចិត្ត។

    ៥.  ភ្នែកភ្លឺហាក់ប្រែងងឹត                ចោរនោះហាក់បិទ             នៅជិតគ្រប់គ្រា។

    ៦.  បំផ្លាញក្តីសុខគ្រប់គ្នា                បើមិនស្ទុះស្ទា                   ការពារទប់ស្កាត់។

    ៧.  ខ្លះកាយមនុស្សចិត្តសត្វ            វិជ្ជាបង់បាត់                      ខ្យល់ផាត់ទៅឆ្ងាយ។

    ៨.  ចោរនោះគឺអ្វីសូមស្រាយ           ប្រាប់ន័យក្បោះក្បាយ         កកាយប្រាប់ផង។

    ៩.  ខ្ញុំសួរអ្នកអានឆ្លើយសង            កុំបីសៅហ្មង                     សុំល្បងគំនិត។

    ១០.ចោរនោះជាក់នៅក្នុងចិត្ត           ដូចពាក្យទោសពិត             ជាប់ស្អិតផ្សំអៈ។

    ១១.ទើបស្តែងរូបអបលក្ខណ៍           ជួនឈ្លោះកាប់ចាក់            ដល់ថ្នាក់ជួបភ័យ។

    ១២.ធៀបចោរក្នុងចិត្តពួនឆី             ចាំប្លន់សុខី                       ប្រុសស្រីគ្រប់ប្រាណ។

    ១៣.ចំណោទងាយមិនយ៉ាប់ស្មាន     ចោរនោះស្តែងប្រាណ         ឆ្លើយបានរហ័ស។

    ១៤.មិនថាក្មេងមិនថាចាស់              តែងជួបច្រើនណាស់          ចិត្តប៉ះរាល់ថ្ងៃ។

    ១៥.បើមិនស្គាល់ចោរចង្រៃ              ពិតគួរឲ្យវ៉ៃ                       មួយដៃចំមាត់។

    ១៦.ព្រោះប្រាប់អស់ហើយឆ្លើយភ្លាត់ ឬគួរឲ្យទាត់                      កុំឃាត់បីជើង។

    ១៧.ដូចនេះចង់សុខត្រូវយើង          ចាប់ចោរចិត្តភ្លើង               ឬឈ្លើងបឺតឈាម។

    ១៨.បោះបង់ឲ្យឆ្ងាយកុំស្ងៀម           ត្រូវប្រុងចិត្តត្រៀម              សង្រ្គាមតាំងចិត្ត។

    ១៩.យកប៉ូលីសមួយខ្លាំងពិត           មកការពារចិត្ត                   ជាក់ពិតខន្តី។

    ២០.ផ្តល់តែមង្គលនិងសិរី                ក្មេងចាស់គ្រប់វ័យ              គប្បីរក្សា។

 

លីម ចំរើន ២៣.០៩.២០១២

ទោសៈលោភៈ

(បទកាកគតិ)
១. ទោសៈលោភៈ កូនអើយដូចយក្ស ឬចោរលួចសុខ
បើកូនមានច្រើន ពិតកើតចាប់ចុក កាយចិត្តស្រណុក
ហាក់រត់គេចឆ្ងាយ។
២. បើគ្មានទោសៈ លោភៈកាប់ចាក់ ប្លន់ក្តីសប្បាយ
កូនពិតគ្មានភ័យ សុខីចិត្ត.កាយ ញាតិផងទាំងឡាយ
ចោមរោមស្រលាញ់។
៣. កូនអើយលោភៈ ទោសៈនេះជាក់ គួរស្អប់ខ្ពើមក្នាញ់
កុំបីយកទុក ផ្កាប់មុខស្រលាញ់ មិនមែនសម្លាញ់
វាគឺសត្រូវ។
៤. បើចង់សុខសាន្ត កូនៗគ្រប់ប្រាណ ត្រូវយកកាព្យឪ
ទន្ទេញឲ្យចាំ ចំណាំពាក្យត្រូវ ប្រតិ្តបត្តិជាប់ទៅ
ពិតផ្តល់មង្គល។

លីម ចំរើន ២១.០៩.២០១២
(ម៉ោង ០២ៈ៥០នាទីព្រឹក)

វដ្តសង្សារ

(បទពាក្យ៨ទំនើប)

១. វាលវដ្តសង្សារ១វាសនាមិនទៀង បីដូចមេឃភ្លៀងជួនថ្ងៃជួនយប់
ឬដូចធម្មជាតិប្រួលប្រែឥតឈប់ ដូចជីវិតភប់ជួនសុខជួនទុក្ខ។
២. កើតមកមួយជាតិធាតុតែមួយចាន ស្លាប់ទៅឥតបានយកអ្វីទៅមុខ
មានតែផលកម្មរងចាំផ្ញើទុក សែបសោយកើតទុក្ខផលបុណ្យកម្មពៀរ។
៣.អ្នកឈ្នះគេមែនកុំថាឯងគ្រាន់ សង្សារព័ទ្ធព័ន្ធគង់យ៉ាប់ដូចគ្នា
អ្នកធំអ្នកតូចកុំប្រឹងបំពារ បំពានចិត្តមារគ្មានប្រយោជន៍ឡើយ។
៤. ជាក់ស្តែងអ្នកធំថ្កុំថ្កើងទៅបាន ព្រោះអ្នកតូចច្រានរកប្រយោជន៍ឲ្យ
ធំតូចពឹងគ្នាមិនអាចខ្វះឡើយ បើបានសុខសោយគិតអ្នកជួយផង។
៥. រស់សុខតែឯងពិតមិនអាចមាន បើចិត្តល្មោភហ៊ានបំពានញយដង
ក្រោយពិតរងគ្រោះឈឺចាប់កន្លង លទ្ធផលទ្វេសងសល់ត្រឹមសោកស្តាយ។
៦. ជាក់ស្តែងបើយើងកាប់អស់ព្រៃឈើ ធម្មជាតិអាចធ្វើឲ្យយើងអន្តរាយ
ខ្យល់ព្យុះ.ទឹកជន់បង់ទ្រព្យសោកស្តាយ ហួសការបកស្រាយច្បាប់វដ្តសង្សារ។
៧.ជីវិតមនុស្សសត្វនៅលើលោកិយ មិនថាជាអ្វីពិតគួរពិចារណ៍
កើតចាស់ឈឺស្លាប់ជាច្បាប់សង្ខារ ឯរឿងអស្ចារ្យគឺហេតុនិងផល។
៨. ផលកើតពីធ្វើសព្វរឿងនានា អ្នកត្រួតតគ្នាព្រោះមានកង្វល់
ខ្លាំងខ្សោយឈ្នះចាញ់គឺជាលទ្ធផល គប្បីខ្វាយខ្វល់ប្រឹងរក្សាគ្នា។

•វដ្តសង្សារ១ គឺការវិលទៅមក,ដំណើរអន្ទោលទៅមក,ដំណើរអន្ទោលកើតស្លាប់មិនឈប់មិនស្រាក។

លីម ចំរើន
២១.០៩.២០១២(ម៉ោង ០៣ៈ៥០នាទីព្រឹក)

កុំអស់សង្ឃឹម

(បទកាកគតិ)
១. កុំអស់សង្ឃឹម ត្រូវតែញញឹម រង់ចាំស្អែកថ្មី
បញ្ហាភ័យខ្លាច គឺអាចគ្មានន័យ ប្រែមកសិរី
ព្រោះការតាំងចិត្ត។
២. បើចិត្តទន់ជ្រាយ អាចគេមើលងាយ អន់ថយជីវិត
មង្គលឃ្លាតឆ្ងាយ អន្តរាយជាក់ពិត ត្រូវរឹងមាំចិត្ត
ជីវិតដល់ត្រើយ។
៣. ពិតគ្មានឧបសគ្គ អាចចាប់ចងចាក់ ដាក់ចិត្តជាប់ឡើយ
បើចិត្តរឹងមំា ស៊ូទ្រាំមុនក្រោយ ផលអាចផ្តល់ឲ្យ
សមដូចប្រាថ្នា។
លីម ចំរើន ១៩.០៩.២០១២

យ៉ាប់ក្រៃគឺចិត្ត

(បទពាក្យ៤) របៀបទី២
១. ពិតដូចមិនពិត ងងឹតដូចភ្លឺ
ខ្ញុំជាហាក់ឈឺ ខ្ញុំឮហាក់ថ្លង់។
២. ស្រលាញ់ហាក់ស្អប់ បញ្ចប់មិនចង់
ឈើវៀតហាក់ត្រង់ បោះបង់ចង់បាន។
៣. មាត់សើចសប្បាយ ស្តែងកាយសុខសាន្ត
ស្រមោលទុក្ខបាន រំខានពេកក្រៃ។
៤. មិននឹកដូចនឹក យប់ព្រឹករាល់ថ្ងៃ
ព្រាត់ស្នេហ៍អាល័យ យ៉ាប់ក្រៃគឺចិត្ត។

លីម ចំរើន ១៩.០៩.២០១២

សុខគ្រហែតភ្លែតរសាត់

(បទភុជង្គលីលា)
១. សុខគ្រហែតភ្លែតរសាត់ ហាក់ដូចខ្យល់ផាត់ រសាត់ទៅឆ្ងាយ។
២. មិនគួរប្រុសស្រីខ្វល់ខ្វាយ ខ្លះឆ្កួតសប្បាយ វក់កាយឃ្លានឆី?
៣. តើដឹងឬមិនដឹងអី? សុខហាក់គ្មានន័យ គ្មានអ្វីទាំងអស់។
៤. មិនគួរឡើយឲ្យស្រណោះ ចាប់មិនបានសោះ គួរដោះណាយគេច។
៥. កុំឆ្ងាញ់ខ្លាំងអាចលង់លិច បើសប្បាយភ្លេច ចិត្តធ្មេចមិនភ្លឺ។
៦. ស៊ីណាស់ឃ្លានណាស់អាចឈឺ កាយ.ចិត្តជំងឺ គួរព្រឺគួរខ្លាច។
៧. វាគ្មានរូបរាងតែកាច តែងលងបន្លាច អង់អាចជាងមនុស្ស។
៨. ស៊ីច្រើនកើនទុក្ខយ៉ាប់ជុះ ឬលាងជំរុះ ឡាទ្រូស១តាំងចិត្ត។
៩. ស្វែងយល់សិក្សាពិនិត្យ ដោយគតិពិត ជីវិតមង្គល។
១០. បើមិនគិតស្និទ្ធរវល់ ពិតផ្តល់អំពល់ ឲ្យយល់មិនខាន។
១១.ជីវិតមិនសូវសុខសាន្ត វាតែងរំខាន គ្រប់ប្រាណគ្រប់វ័យ។
១២. សូមជួយរកពាក្យសេចក្តី តើគឺសុខអ្វី? ធៀបន័យគ្រហែត។
១៣.សុខមិនយូរហើយបាត់ភ្លែត ឈឺយ៉ាប់រកពេទ្យ គ្រហែតឃ្លាតឆ្ងាយ។
១៤. ផ្តើមដោយស្រីប្រុសពីរកាយ ផ្សំដោយរូបកាយ សប្បាយសោយឆី។
១៥. សផ្សំង.ឈរចាំស្រី នាង.វហាក់ភ័យ រូបស្រីពួនក្រោម។
១៦.ហៅអាចាប់ងកុំផោម ថែមសមុខចោម យល់ឆោមន័យច្បាស់។

-ឡាទ្រូស១ គឺពាក្យគ្រលាស់មានន័យសំដៅថាៈ លុះត្រា។
លីម ចំរើន ១៨.០៩.២០១២ (ម៉ោង៤ទាប់ភ្លឺ)

លាមក

(បទព្រហ្មគីតិ)
១. លាមកថាគេថាស្អុយ ឯសត្វរុយវាថាឆ្ងាញ់
មនុស្សមិនស្រលាញ់ រុយត្របាញ់ហើរមកលិឍ។
២. លាមកច្រើនយ៉ាងណាស់ មិនស្គាល់ម្ចាស់ទោះឆ្ងាយជិត
រុយស៊ីមិនខ្ពើមស្និទ្ធ ខ្មៅ.សពិតក្តិតគេជុះ។
៣. រុយហ៊ានធ្វើគ្រប់យ៉ាង ទោះមានកាងដោយមនុស្ស
រុយពិតខ្លាំងដូចមូស ប្រើល្បិចលុះត្រាបានឆី។
៤. លាមកពិតអស្ចារ្យ រុយត្រូវការស៊ីគ្រប់វ័យ
មិនថាញី.ឈ្មោលក្តី រុយបេត្តីតែងប្រាថ្នា។
៥. លាមកអាចធៀបលុយ ហាក់ឆ្ងាញ់ឈ្ងុយគេស្នេហា
ឃ្លានឆីគ្រប់អាត្មា មនុស្សឫស្យាធៀបដូចរុយ។

លីម ចំរើន ១៨.០៩.២០១២

ប្រពន្ធពាងប្តីប៉ោត

(បទព្រហ្មគីតិ)
១. ប្រពន្ធពាងប្តីប៉ោត ឆ្លាត.ល្ងង់ឆោតច្រើនគូគ្នា
ពាងល្អទឹកគង់ហៀរ ប៉ោតល្អជាធៀបមនុស្ស។
២. ប៉ោតធ្លុះប្រពៃជាង បើបានពាងមិនធា្លយធ្លុះ
ទឹកគង់មិនរលុះ ព្រោះពាងនោះគ្រប់គ្រងទឹក។
៣. តែបើពាងធ្លុះវិញ ពិតទុក្ខម្នេញខ្វល់ល្ងាចព្រឹក
ប៉ោតល្អខំដងទឹក ច្រើនសន្ធឹងទឹកមិនគង់។
៤. ដូចគ្នាប្រពន្ធប្តី មានសិរីរស់យូរលង់
ទោះប្តីឆោតល្ងិតល្ងង់ ទ្រព្យច្រើនគង់ព្រោះប្រពន្ធ។
៥. ដូចសុភាសិតខ្មែរ ចារហូរហែច្រើនពេកពន់
ប្តីថ្កើងព្រោះប្រពន្ធ មានទុក្ខធ្ងន់ក៏ព្រោះស្រី។

លីម ចំរើន ១៩.០៩.២០១២ (ម៉ោង ៥ៈ២០នាទីព្រឹក)

កុំតូចចិត្ត

(បទពំនោល)
១. កុំតូចចិត្តឃើញគេមាន ចិត្តល្មោភលោភហ៊ាន បំពាន់ខុសច្បាប់សង្គម។
២. គួរខ្មាស់អ្នកផងសើចយំ ស្អុយឈ្មោះរងំ សង្គមមិនឲ្យតម្លៃ។
៣. ជាមនុស្សរស់នៅរាល់ថ្ងៃ កូនកុំចង្រៃ ត្រូវថ្លៃកុំប្តូរយកប្រាក់។
៤. ការងារអាស្រូវអបលក្ខណ៍ ស៊ីលុយស៊ីកាក់ ច្រវាក់ជាប់ដៃជាប់ជើង។
៥. បីដូចជាឱបដុំភ្លើង គង់មានវេនយើង ធ្លាក់ទ្រើងរងគ្រោះមិនខាន។
៦. កុំវក់ហឺហាមានបាន ទុច្ចរិតសាមាន្យ សុខសាន្តពេលនេះមែនហើយ។
៧. តែគង់អាចពេលចុងក្រោយ កម្មផ្តន្ទាឲ្យ សល់សោយវិត្តបត្តិគ្រោះពិត។
៨. ខ្វាយខ្វល់បារម្ភគេងគិត ព្រោះទង្វើស្និទ្ធ ទុច្ចរិតចិត្តស្ងប់គ្មានឡើយ។
៩. មុខពិតញញឹមមែនហើយ តែដេកលើខ្នើយ អាចឲ្យព្រួយភ័យគ្រប់គ្រា។
១០.ខុសពីអ្នកផងនានា ចិត្តសល្អជា គ្រប់គ្នាអាចគ្មានបារម្ភ។
១១.រឿងគេចាប់ចងវាយដុំ ព្រោះធ្វើមិនសម បន្លំទង្វើទុច្ចរិត។
១២.ដូចនេះកូនប្រុសត្រូវគិត អំពើសុចរិត ប្រព្រឹត្តិផ្តល់តែមង្គល។

លីម ចំរើន
១៥.០៩.២០១២