ការចេះលើកទឹកចិត្តខ្លួនឯងគ្រប់ពេលជាកត្តានាំទៅរកភាពជោគជ័យរកទីបំផុតគ្មាន

Archive for ខែសីហា, 2013

កាសែតអត់ផ្សាយ

(បទ ពាក្យ៨ទំនើប)

  ១.កាសែតអត់ផ្សាយសប្បាយចាយលុយ    ទោះកេរ្តិ៍ឈ្មោះស្អុយលុយស្រាយបញ្ហា

      គោះអ្នកដឹកឈើទង្វើចរចា                   ស្មូមសុំដុល្លារខ្លោផ្សាប្រជា។

  ២.មនស្ការបង់បាត់សត្វក៏សុំខ្មាស់              កាសែតច្រើនណាស់ក្មេងចាស់ហូរហៀរ

      រង់ចាំគ្រប់ផ្លូវនៅជំរិតទារ                      ដូចចូលហ៊ុនគ្នាគ្រានោះពេលណា។

  ៣.ឃើញច្បាស់ខ្លោចចិត្តអាណិតអ្នកក្រ      ដឹកគេចត្រដរអង្វរមេត្តា

      ឈើដឹកម៉ូតូប្តូរយកដុល្លារ                     គេគោះអស្ចារ្យមហាច្រើនក្រុម។

  ៤.ឯអ្នកដឹកឡានបាននាំខូចផ្លូវ                  មិនរករឿងទៅនៅស្ងៀមតូចធំ

      ជំរិតអ្នកតូចខូចអស់ពួកក្រុម                  កាសែតខ្លាំងស្មុំសុំអត់ចុះផ្សាយ។

លីម ចំរើន ២៨.០៨.២០១៣

ខ្ញុំរស់ព្រោះអ្នកណា?

(បទព្រហ្មគីតិ)

១.      ខ្ញុំរស់ព្រោះអ្នកណា?                        ព្រោះបុត្រាឬបុត្រី

          គ្រួសារគ្មានសិរី                               ប្រពន្ធប្តីតែងឈ្លោះគ្នា។

២.      ឬព្រោះតែពៀរខ្ញុំ                              មានចិត្តធំខ្លាំងធ្វើមារ

          ឈ្នះព្រះពីរអង្គា                              ក្រោយគ្រាំគ្រាយ៉ាប់សោយសោក។

៣.     ស្នេហាតាមចិត្តឯង                          ខ្លាំងឥតក្រែងចុងក្រោយថោក

          ទុក្ខព្រួយហាក់តាមខោក                  កាយ,ចិត្តសោកយ៉ាប់សៅហ្មង។

៤.      ខ្ញុំរស់ហាក់ឥតន័យ                          រស់ព្រោះអ្វីប្រាប់ខ្ញុំផង

          វិលវុលចិត្តកន្លង                              គិតម្តងៗចង់តែស្លាប់។

     

លីម ចំរើន ២៧.០៨.២០១៣

សំរាមអើយសំរាម

(បទព្រហ្មគីតិ)

១.      សំរាមអើយសំរាម                                រុយហើរតាមញាមស៊ីអ្នក

          ចិត្តឥតខ្ពើមភ័យញាក់                           នាំមិត្តភ័ក្តិជុំឈ្មោលញី។   

២.      សំរាមពិតអស្ចារ្យ                                 រុយប្រាថ្នាគិតវក់វី

          ប្រើល្បិចគ្រប់វិធី                                   លួចលាក់ស៊ីឆ្អែតអាត្មា។

៣​.     រុយហើរគ្រប់កន្លែង                               ប្រឹងស្វះស្វែងរកអាហារ

          គឺសំរាមនេះណា                                  រុយប្រាថ្នាឥតពេលភ្លេច។

៤.      ស៊ីជុះកើតកូនចៅ                                 ឆ្លាត,ល្ងង់ខ្លៅមិនឲ្យគេច

          គំរង់ថ្លៃដូចពេជ្រ                                   កូនកុំភ្លេចឆីសំរាម។

 

លីម ចំរើន ២៧.០៨.២០១៣

កន្លង់ប្រែចិត្ត

(បទ ពាក្យ៨ទំនើប)

  ១.   អង្គុយមាត់ស្ទឹងសម្លឹងទឹកហួរ                      ហាក់យំទួញថ្ងូរសូរកាត់ថ្មដា

        កាត់ទាំងចិត្តកាយឲ្យស្តាយស្នេហា               ស្រវាំងនេត្រាស្រវាឱបខ្យល់។

  ២.   រូបកាយហាក់ស្ពឹកភ្លឹកបាត់វិញាណ               បាយទឹកលែងឃ្លានវិញាណសោកសល់

        ហោះហើររកបងចងចិត្តអូនខ្វល់                  ស្រមៃនឹកដល់ឆ្អល់ឆ្អែតចិត្តក្រៃ។

  ៣.  ហេតុអ្វីគ្រាដើមប្រុសឆ្នើមផ្តើមស្នេហ៍            ចុងក្រោយគេចកែបែកបែរដោះដៃ

        មិនអាណិតអូនស្ទើរសូន្យស្លាប់ក្ស័យ            ឥតក្បត់ចិត្តថ្លៃក្រៃស្នេហ៍បងពិត។

  ៤.   បងចិត្តដាច់ណាស់ផ្លាស់ស្នេហ៍ដូចល្បែង      ឲ្យអូនចំបែងម្នាក់ឯងគេងគិត

        ដូចផ្កាស្រពោនសូន្យខ្លឹនក្រៀមស្វិត             កន្លង់ក្រែចិត្តស្និទ្ធក្រេបផ្កាថ្មី។

 

លីម ចំរើន ២៦.០៨.២០១៣

 

កាយមួយមុខពីរ

(បទ ពាក្យ៨ទំនើប)

  ១.ខ្ញុំមានកាយមួយព្រួយសោកនឹងទុក្ខ                        គឺស្តែងតាមមុខទុក្ខយ៉ាប់កំបាំង

     ពេលយប់សប្បាយកាយល្អមុខស្លាំង                       ម្ស៉ៅក្រាស់បិទបាំងតាំងខំសម្តែង។

  ២.នៅក្រោមភ្លើងពណ៌ផែនថ្ពាល់ដើមទុន                    បំពេញកាមគុណជោរជន់ហួសថ្លែង

     នៃពួកប្រុសព្រានញៀនស្រីដូចល្បែង                      លួចលូកឥតក្រែងកំហែងរូបស្រី។

  ៣.ដល់ពេលភ្លឺឡើងប៉ើងអស់សប្បាយ                        ប្តូរមុខប្រែកាយក្លាយជាស្រីថ្មី

     ភាគច្រើនក្រៀមក្រោះបាត់អស់សិរី                          សុបិនរាត្រីអ្វីៗហោះស្ទុយ។

  ៤.មុខដើមធម្មជាតិខ្វះញាតិយល់ចិត្ត                          ដើរដេកព្រួយស្អិតគិតខំរកលុយ

     ផ្គត់ផ្គង់គ្រួសារត្រូវការពុយ                                      បន្តកន្ទុយស្អុយឈ្មោះតែខ្ញុំ។

 

លីម ចំរើន ២១.០៨.២០១៣

ចង់បានអ្វីទៀត

 

(បទ ពាក្យ៨ទំនើប)

  ១.ចង់បានអ្វីទៀតជាតិសុំអង្វរ                                     គួរឈប់បន្តកករសង្គម

     អាសូររាស្រ្តខ្មែរក្រុងស្រែនិគម                                 ព្រួយភ័យស្តីជុំជំនុំខ្វល់ខ្វាយ។

  ២.ខ្លាចស្រុកសង្រ្គាមឈាមឆ្អាបច្រាស់ខ្យល់                 ខូចប្រយោជន៍ផលសល់ការសោកស្តាយ

     ស្រុកអភិវឌ្ឍន៍មុខមាត់អន្តរាយ                               ជាតិគេជិតឆ្ងាយក្អាកក្អាយសើចក្រៃ។

  ៣.ប្រកួតឈ្នះចាញ់កុំក្នាញ់កួនគុំ                            ត្រូវគិតសង្គមជុំសាងស្នាដៃ                                                                

     បើយើងល្អពិតខ្មែរគិតអាល័យ                                 ពេលក្រោយជួបថ្ងៃថ្លៃថ្លាជោគជ័យ។

  ៤.ក្របីជល់គ្នាវេទនាស្រមោច                                     សង្អារសង្កើចខ្មោចស្លាប់ឥតន័យ

     ស្លាប់ឥតកំហុសខុសព្រោះក្របី                               ក្រោយក្លាយចំណីឆីឆ្ងាញ់មាត់ខ្លា។

 

លីម ចំរើន ២១.០៨.២០១៣

យើងជនជាតិខ្មែរ

(បទ ពាក្យ៨ទំនើប)

  ១.មេឃស្រឡះហើយក្រោយពេលមេឃភ្លៀង  ចាញ់ឈ្នះជាក់ទៀងល្អៀងព្រោះតែចិត្ត

     អាសូរជាតិខ្មែរខ្លាចប្រែងងឹត  ប្រវត្តិអតិតពិតត្រូវសិក្សា។

  ២.ខ្មែរត្រូវសាមគ្គីគ្រប់ទីផែនដី  ក្មេងចាស់ប្រុសស្រីគប្បីរក្សា

     កិត្តិយសពូជសាសន៍ជាក់ច្បាស់ខេមរា  មរតកដូនតារក្សាឲ្យគង់។

  ៣.ខឹងគ្មានចំណេញដេញអស់មង្គល  ឈប់ងោះងងល់ពុលពាក្យញុះញង់

     ចាញ់ល្បិចចាក់ដោតបញ្ឆោតឲ្យលង់  ដូចកុកជាប់ជុងគង់កើតស្តាយក្រោយ។

  ៤.យើងជនជាតិខ្មែរត្រូវតែខ្ពើមឈ្លោះ  សាមគ្គីយើងរស់កិត្តិយសសុខសោយ

     ឈ្នះជាតិដទៃធ្លាប់ស្តីមុខក្រោយ  ខ្មោចឪស្លាប់ហើយសោយសុខដូចគ្នា។

 

លីម ចំរើន ១៩.០៨.២០១៣

ចំណងលោកីយ៍

(បទ ពាក្យ៨ទំនើប)

  ១.ចំណងលោកីយ៍ចំណីតណ្ហា                                   មានគ្រប់រូបាឫស្យាឃោរឃៅ

     ធ្វើបាបគ្រប់វ័យប្រុសស្រីស្អិតនៅ                             បញ្ជាគ្រប់ផ្លូវអាស្រូវប្រឹងសាង។

  ២.ខ្លះជាប់ចំណងចងចិត្តលោភៈ                                 ខ្លះជាប់ចិត្តយក្សលាក់ល្បិចគ្រប់យ៉ាង

     ខ្លះពុលអំណាចកោងកាចក្អេងក្អាង                          ខ្លះខ្វះគ្រប់យ៉ាងមិនស្វាងជាប់ក្រ។

  ៣.ខ្លះទៀតត្រូវជាប់ងាប់ព្រោះកាមា                            ខ្លះល្បែងស្រីស្រាប្រាថ្នាជាប់ក

     ខ្លះជាប់ដោយកូនក្បូនយ៉ាប់ត្រដរ                            ខ្លះយល់ខ្មៅល្អសភ្លេចមិនយក។

  ៤.ប្រព្រឹត្តិទុច្ចរិតគិតតែពីបាន                                      ចំណងរុំប្រាណសុខសាន្តមិនជ្រក

     ជំពាក់វ័ណ្ឌកកករចិត្តមក                                         គំនិតស្មោគគ្រោគចិត្តយកមិនខ្ពើម។

 

លីម ចំរើន ១៦.០៨.២០១៣

មេឃស្រឡះហើយ

(បទ ពាក្យ៨ទំនើប)

  ១.មេឃខ្មៅខ្លួលខ្មាញ់សំណាញ់ពពក                          ត្រូវខ្យល់ផាត់យកមកមេឃស្រឡះ

     បីដូចស្នេហ៍ខ្ញុំទុក្ខធំប្រែផ្លាស់                                    ព្រួយសោកថ្មីចាស់ច្បាស់រសាត់ឆ្ងាយ។

  ២.វណ្ណៈគ្រួសារមេបាចាស់ទុំ                                       លោកព្រមជំនុំជុំគ្នាដោះស្រាយ

     អាសូរកូនចៅឈប់ក្តៅចិត្តកាយ                              កូនស្រីសប្បាយកាយផុតអំពុល។

  ៣.ស្នេហាកូនពិតចិត្តត្រង់ស្មោះស្ម័គ្រ                          អរគុណប៉ាម៉ាក់ដាក់ចិត្តយោគយល់

     បំពេញមុខកូនសូន្យឈ្មោះហួសជ្រុល                      ទ្រាំយ៉ាប់រវល់ចាប់ជល់ផ្សុះផ្គុំ។

  ៤.មេឃស្រឡះហើយក្រោយពេលភ្លៀងធំ                   កុំត្រាប់តាមខ្ញុំធំចងធ្វើនំ

     សម្បើមជាងនាលិកគេដៀលសើចយំ                      ស្រគាលមុនទុំពុំប្រពៃឡើយ។                                                             

    

លីម ចំរើន ១៥.០៨.២០១៣

មេម៉ាយកូនមួយ

(បទ ពាក្យ៨ទំនើប)

  ១.មេឃធ្លាប់ស្រឡះផ្លាស់ប្រែងងឹត                              ប្រែទាំងដួងចិត្តខ្ញុំរឹតខ្លោចផ្សា

     បេះដូងកំព្រាររងាឯកា                                             ស្រណោះភ្លេងការរៀបការថ្ងៃជ័យ។

  ២.មានគ្រួសារមួយជាត្រួយកែវភ្នែក                             បែរប្រែទុក្ខជ្រែកមែកបាក់ធ្លាក់ដី

     មេម៉ាយកូនមួយព្រួយព្រោះព្រាត់ប្តី                          អ្នកស្រុកគ្រប់វ័យសើចស្តីនិន្ទា។

  ៣.ព្រោះភ្លើងប្រច័ណ្ឌប្រកាន់ចាញ់ឈ្នះ                       ខ្ញុំត្រូវលែងលះឈ្នះទាំងគ្រាំគ្រា

     ក្រោយទើបភ្ញាក់ប្រាណបានហួសវេលា                    ឲ្យកូនកំព្រារព្រាត់គ្នាឆ្ងាយឪ។

  ៤.គ្រួសារចាស់ថ្មីប្រុសស្រីត្រូវចាំ                                 ខ្ញុំខុសសូមផ្តាំដេកត្រាំព្រួយនៅ

     ប្រពន្ធនិងប្តីគប្បីបើកផ្លូវ                                          ឈ្លោះទាស់អាស្រូវត្រូវចេះស្តាប់គ្នា។

    

លីម ចំរើន ១៤.០៨.២០១៣