ការចេះលើកទឹកចិត្តខ្លួនឯងគ្រប់ពេលជាកត្តានាំទៅរកភាពជោគជ័យរកទីបំផុតគ្មាន

Archive for ខែ​មីនា, 2014

ខ្ញុំខឹងកូន

(បទ ក្របចក្រវាឡមេ១២ថ្មី)
១. ខ្ញុំខឹងកូន សូន្យគំនិត គិតតែវ៉ៃ ដៃខ្ញុំទះ ជើងទាត់លះ ព្រះប្រែមារ ជាបិសាច កាចឃោរឃៅ
គ្មានអាណិត ចិត្តអាសូរ ប្តូរចរិត ពិតជាឪ ភ្លេចខុសត្រូវ ទៅដូចឡប់ ខ្ចប់គុណធម៌ ញ័រទ្រូងក្តៅ។
២. រៀនច្រើនឆ្កួត អួតឯងគ្រាន់ ជាន់ដានចាស់ ច្បាស់ក្រឡែត ខឹងអត់ហេតុ ប្រេតក្នុងចិត្ត ស្អិតទោសៈ ដាក់កូនចៅ
ការតាំងចិត្ត ពិតពីមុន ធ្ងន់ប្រែស្រាល ដាលប្រែខ្លៅ ចិត្តសោកសៅ ក្តៅគ្រាំគ្រា ជាកំណើត កើតទុក្ខឲ្យ។
៣. បើមិនវ៉ៃ ក្រៃខ្លាចកូន សូន្យមារយាទ ឃ្លាតខុសផ្លូវ ខឹងវ៉ៃទៅ ត្រូវដូចខុស ដុះព្រួយចិត្ត ពិតស្តាយក្រោយ
កូនឈឺកាយ ស្តាយក្នុងចិត្ត គិតទង្វើ ធ្វើជ្រុលហើយ ម្ចាស់ថ្លៃអ្ហើយ ឲ្យខ្ញុំគិត ស្និទ្ធផ្លូវណា ថាផុតទុក្ខ។
៤. រឿងពិតខ្ញុំ ធំជាគ្រោះ ព្រោះតែខឹង រឹងមិនទប់ ខឹងឆ្កួតងប់ លុបគុណធម៌ ស្គាល់ខ្មៅស ក្រពុលមុខ
សូមកុំត្រាប់ ច្បាប់ខ្ញុំហាម តាមមិនល្អ កកើតទុក្ខ ដូចជាប់គុក ពុកត្រូវគិត ចិត្តមេត្តា អាសូរកូន។

-រឿងពិតខ្ញុំវ៉ៃកូនប្រុសរបស់ខ្ញុំឈ្មោះ លីម ឧត្តមមុនី កាលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែមីនា ឆ្នាំ ២០១៤

លីម ចំរើន ២៨.០៣.២០១៤

ដើមចេក

(បទព្រហ្មគីតិ)
១. ដើមចេកអើយដើមចេក អ្នកល្អពេកដើមធាងស្លឹក
ផ្លែថ្លោសស្និតច្រើនញឹក ព្រោះត្រូវទឹកដីជីល្អ។
២. ដើមខ្លះអំនួតកាយ ចិត្តសប្បាយឥតកករ
ទាំងម្ចាស់ក៏ត្រេកអរ ដើមផលល្អប្រយោជន៏ក្រៃ។
៣. ដើមចេកហើយនឹងម្ចាស់ គិតផ្ទុយច្បាស់ចិត្តស្រមៃ
ចេកខ្លះសប្បាយក្រៃ រស់រាល់ថ្ងៃឥតខ្វល់ខ្វាយ។
៤. ឯម្ចាស់ប្រឹងថែទាំ សង្ឃឹមមាំបានសប្យាយ
លក់ចេកបានប្រាក់ចាយ ព្រួយត្រូវស្រាយរស់ធូរធារ។
៥. សង្វេគដើមចេកខ្លះ រស់យ៉ាប់ណាស់លង់និទ្រា
ចុងក្រោយក្ស័យជន្មា ដល់វេលាម្ចាស់កម្ចាយ។
៦. ដើមល្អក៏គ្មានខ្លឹម ក្តីសង្ឃឹមរសាត់ឆ្ងាយ
ទោះល្អហួសបកស្រាយ ក្រោយសល់ស្តាយជីវិតសូន្យ។
៧. មនុស្សខ្លះក៏ដូចគ្នា ដល់ជរាដូចលិចក្បូន
មច្ចុ១តោងសណ្តូន គង់ស្លាប់សូន្យគ្មានសល់អ្វី។

– មច្ចុ១ ប្រែថាសេចក្តីស្លាប់ ។

លីម ចំរើន ២៧.០៤.២០១៤

អារម្មណ៍វិលវល់

(បទ ពាក្យ៨ទំនើប)
១. អារម្មណ៍វិលវល់វីវក់វង្វេង ក្នុងចិត្តឃ្លោងឃ្លេងរកគិតមិនយល់
ទុក្ខសោកខ្លួនឯងស្វែងមិនជួបជល់ ព្រួយចិត្តអំពល់ព្រោះហេតុអ្វីទៅ?
២. ជំងឺខាងក្រៅអាចព្យាបាលងាយ ចិត្តឈឺយ៉ាប់ទាយដាក់ថ្នាំជាត្រូវ
ជ្រៅជាងសមុទ្រហាក់ធំពេកកូវ ចិត្តខ្ញុំសោកនៅគ្មានអ្នកយល់បាន។
៣. ប្រហែលជាគ្មានអ្នកជួយបានទេ ទាំងខ្ញុំទាំងគេតែងជួបគ្រប់ប្រាណ
មានតែប្រឹងលើកទឹកចិត្តរុញច្រាន ឈ្នះចិត្តឲ្យបានទើបយល់ក្តីសុខ។
៤. វីធីតែម្យ៉ាងគឺសាងចិត្តស្ងប់ ទាញចិត្តត្រឡប់កុំស្មាញចិត្តស្មុគ
ប្រឆាំងចិត្តឈឺជំងឺចាប់ចុក ចិត្តព្រួយពិតសុខមង្គលក្នុងចិត្ត។

លីម ចំរើន ១៣.០៣.២០១៤

ឆ្កែអើយឆ្កែសង្វិត

(បទព្រហ្មគីតិ)
១. ឆ្កែអើយឆ្កែសង្វិត ឆ្កួតព្រោះក្តិតគ្មានគិតអ្វី
ភ្លេចអស់ឃ្លានចំណី កាយរីងរៃស្គមឃើញឆ្អឹង។
២. ដេកត្រាំចាំផ្ទះញី មិនខ្វល់ស៊ីភ្នែកសម្លឹង
ឆ្កែផ្សេងកាត់មុខខឹង រត់ស្ទុះវឹងខាំកំចាយ។
៣. ឥតខ្វល់គ្រោះអាត្មា ឈឺខ្លោចផ្សាទ្រមរូបកាយ
គិតម្យ៉ាងបានសប្បាយ វក់ខ្វល់ខ្វាយឆ្ងាញ់ឆ្កួតក្តិត។
៤. ធ្វើម្តេចធម្មជាតិសត្វ យ៉ាប់ទប់ស្កាត់គ្មានគំនិត
តែមានប្រុសខ្លះពិត ឆ្កួតព្រោះក្តិចយ៉ាប់ជាងឆ្កែ។
៥. តើគួរធៀបបែបណា ប្រុសសាវាខ្លះប៉ោឡែ
ធ្វើព្រានដើរបោកស្នេហ៍ ថោកជាងឆ្កែជួអប្រិយ។
៦. ជាប្រុសបង់តម្លៃ ហួសវិស័យមិនប្រព្រៃ
ថាឆ្កែសត្វគិតខ្លី ប្រុសគប្បីគិតខ្លះផង។
៧. រឿងឆ្កែឧទាហរណ៍ ប្រុសមិនល្អឈប់ទៅបង
ជាប្រុសថ្លៃកន្លង រឿងសៅហ្មងកុំប្រឹងសាង។

លីម ចំរើន ១០.០៣.២០១៤

មានលុយប្រយោជន៍អ្វី?

(បទព្រហ្មគីតិ)
១. មានលុយប្រយោជន៍អ្វី? ខ្វះសុខីក្នុងចិន្តា
គិតព្រួយខ្វល់សព្វការ ចិត្តស្រស់ថ្លាឥតទិញបាន។
២. ទិញបានសំបកក្រៅ ក្នុងហាក់ក្តៅតែងរំខាន
ចិត្តព្រួយឥតស្រាកស្រាន្ត បោកមិនបានភូតខ្លួនឯង។
៣. ហេតុអ្វីយើងមិនយល់ ឫសដើមគល់រឿងជាក់ស្តែង
នាំគ្នាខ្វល់ឥតក្រែង អួតគេឯងរឿងទ្រព្យធន។
៤. ឯរូបខ្ញុំដូចគ្នា ម្តេចគ្រាំគ្រាហាក់ឈឺធ្ងន់
ខ្វាយខ្វល់ច្រើនពេកពន់ ចិត្តលោភលន់ទាំងមានក្រ។
៥. ឈ្លោះទាស់ប្រពន្ធប្តី កូនពីរបីហាក់ជាប់ក
រស់នៅសែនត្រដរ ខ្មៅដូចសសដូចខ្មៅ។
៦. វិលវល់ហាក់វង្វេង ចិត្តឃ្លោងឃ្លេងហាក់ផ្សាក្តៅ
ធុញថប់ស្អប់កូនចៅ ជួនសោកសៅគិតបុត្រភ្ងា។
៧. ព្រោះរកលុយលំបាក ខ្វះឥតស្រាកតែងឈ្លោះគ្នា
ឥលូវហាក់ធូរធារ នៅគ្រាំគ្រាចិត្តឥតស្វាង។
៨. ប្តីប្រពន្ធមិនយល់ ចិត្តងប់ងល់លោភក្អេងក្អាង
អាប់មង្គលប្រឹងសាង មានលុយអាងច្រើនហេតុផល។
៩. នេះគឺរឿងជីវិត ក្រព្រួយចិត្តមានរឹតខ្វល់
អ្នកខ្លះសម្បត្តិសល់ ក្រោយបានផលសល់ជំងឺ។
១០.ដូចនេះយើងគ្រប់គ្នា ត្រូវស្ទុះស្ទារក្រោកពីឈឺ
ថែចិត្តការជំងឺ កាយត្រូវព្រឺជំងឺចិត្ត។ លីម ចំរើន១០.០៣.២០១៤