ការចេះលើកទឹកចិត្តខ្លួនឯងគ្រប់ពេលជាកត្តានាំទៅរកភាពជោគជ័យរកទីបំផុតគ្មាន

Archive for ខែ​មេសា, 2012

ឆីណាស់ឃ្លានណាស់

បទពាក្យ៨

១. តន្រ្តីប្រគុំរងំដួងចិត្ត កៀកកើយនែបនិត្យជិតជាប់ស្រីក្មេង
លូកលេងប្រឡែងដូចពុលបទភ្លេង អារម្មណ៍ចិត្តវង្វេងហាក់អស្ចារ្យ។
២. ពួកប្រុសព្រានអាងប្រាក់ដាក់សម្ញែង អួតស្រីក្មេងថ្លែងស្តែងឫទ្ធជេស្តា
អាងប្រាក់រកងាយស្ពាយសុទ្ធដុល្លារ ស្រីក្មេងស្រវាខ្វា.កបងកាយ។
៣. ខា.រ៉ា.អូ.ខេ បំពេរអារម្មណ៍ បំបាត់ក្រៀមក្រំខំសើចសប្បាយ
មាត់ប្រឹងស្រែកច្រៀងភ្នែកដៀងឆោមឆាយ ចាយលុយភ្លេចស្តាយកាយភ្លេចភិតភ័យ។
៤. ស្អែកឡើងផ្តើមព្រួយរំជួយដួងចិត្ត អ្នកខ្លះផ្តើមគេងគិតតើបានអ្វី?
សុខក៏ឃ្លាតបាត់ស្ងាត់តាមរូបស្រី សោយសុខឥតន័យឆីណាស់ឃ្លានណាស់។

លីម ចំរើន ៣០.០៣.២០១២

ស្នេហាប្រុសស្រី

បទបថ្យាវត្ត

១. ស្នេហាប្រុសស្រីចំណីទុក្ខសោក ប្រុសស្នេហ៍ស្រីបោកគេថាប្រុសព្រាន
ពេលប្រុសរងទុក្ខសមមុខមេរៀន ឯស្រីចិត្តហ៊ានគេថាខុសធ្ងន់។
២. ស្រីស្រស់ស្រើបស្រាលត្រអាលកាមគុណ វាចាទន់ភ្លន់ជាមន្តពិសពុល
ពង្វក់គ្រប់ប្រុសខូចខុសយ៉ាប់យល់ ស្រីជាដើមគល់ចំណោទបញ្ហា។
៣. បើប្រុសវង្វេងឆ្កួតល្បែងស្នេហា ពិតសោយសោកាចិន្តាខ្លោចពិត
ដុះតែកាមគុណរែកពន់ជាប់ស្អិត ដើរគិតដេកគិតខ្វះក្តីសុខសាន្ត។
៤. នេះគឺការពិតប្រឌិតមិនបាន ប្រុសស្រីសព្វឋានតែងជួបគ្រប់គ្នា
ស្នេហានេះសោតបញ្ឆោតគ្រប់គ្រា បើប្រឹងឆីវាវេទនាពេលក្រោយ។

លីម ចំរើន
៣០.០៣.២០១២

អំណាចប្រាក់

(បទក្របចក្រវាឡ មេពាក្យ១២ថ្មី)
១. អំណាចប្រាក់ ដាក់ស្នេហ៍មនុស្ស ជុះមិនចេញ ដេញមិនឆ្ងាយ
ខ្លះខ្វល់ខ្វាយ កាយមិនស្ងៀម ត្រៀមល្បិចស្នៀត ឆ្លៀតពេលខ្សត់
ស៊ីសំណូក សូកចំណេញ ចេញចំនួន ក្បួនកំណត់
ប្រាក់ឲ្យបត់ ក្បត់គ្នីគ្នា ជាប្រចាំ កម្មមិនខ្លាច។
២. អំណាចប្រាក់ ស្មគ្រ័អ្នកមាន ឃ្លានអ្នកក្រ ត្រដរខ្យល់
អ្នកខ្សត់ខ្វល់ ឆ្ងល់ចង់មាន ហ៊ានដូនយក្ស លាក់ចិត្តកាច
ធ្វើគ្រប់យ៉ាង កាងពាលា កៀរប្រយោជន៍ ខ្មោចក៏ខ្លាច
ស្តែងឫទ្ធសាច បាចល្បិចប៉ិន មិនខ្លាចគ្រោះ ព្រោះតែប្រាក់។

នៅៈ ថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១២ (ម៉ោងៈ ២១ៈ២០នាទី យប់)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/០១០ ៧៣០ ០៨៣