ការចេះលើកទឹកចិត្តខ្លួនឯងគ្រប់ពេលជាកត្តានាំទៅរកភាពជោគជ័យរកទីបំផុតគ្មាន

Archive for ខែសីហា, 2013

លក្ស្មីកូនស្រី

(បទ ពាក្យ៨ទំនើប)

  ១.ឮកូនយំស្រែកហាក់ហែកទ្រូងប៉ា                             ឃើញច្បាស់នេត្រាចិន្តាឈឺក្រៃ

     ម៉ាក់ផ្តាច់ដោះកូនស្ទើសូន្យស្លាប់ក្ស័យ                      ព្រោះកូនចរណៃថ្លើមថ្លៃយំខ្លាំង។

  ២.ប៉ាម៉ាក់ទឹកភ្នែកជ្រែកកាត់ផែនថ្ពាល់                        បេះដូងប្រែពណ៌ញ័រភ័យមុខស្លាំង

     កាត់ចិត្តទ្រាំផ្សាឱរ៉ាសោកបំាង                                 កែវភ្នែកស្រវាំងតាំងចិត្តធ្វើមារ។

  ៣.ដឹងដែលថាខុសកំហុសផ្តាច់ដោះ                           កូនឥតខុសសោះដោះត្រូវឃ្លាតឃ្លា

     ព្រោះម្តាយកូនស្គមទ្រុឌទ្រោមរោគា                         បារម្ភស្ងួនភ្ងាឈឺជាយ៉ាប់ប្រាណ។

  ៤.លក្ស្មីកូនស្រីអភ័យទោសផង                                  ប៉ាម៉ាក់ខុសម្តងប៉ងកូនសុខសាន្ត

     កូនជួបសិរីឈ្នះភ័យសព្វឋាន                                  ខុសត្រូវប៉ុន្មានកល្យាណគង់យល់។                                                  

    

លីម ចំរើន ១៣.០៨.២០១៣

ជីវិតយោធា

(បទ ពាក្យ៨ទំនើប)

  ១.ស្រុកមានសង្រ្គាមនាមជាយោធា  ចិត្តឥតរួញរាការពារទឹកដី

     ស៊ូឃ្លាតស្នេហាសង្សារចាស់ថ្មី  ឃ្លាប្រពន្ធប្តីបុត្រីបុត្រា។

  ២.កាត់ចិត្តអាល័យដៃកាន់អាវុធ  តស៊ូប្រយុទ្ធមោះមុតហានក្លា

     ចុងក្រោយសោយទុក្ខមុខក្រៀមឯកា  ខ្លះខ្លួនពិការកាយាខ្វិនខ្វង់។

  ៣.ប្រាក់ខែតិចតួចស្តើងស្តួចសង្វេគ  គ.ថ្លង់ខ្វាក់ភ្នែករែកស្ពាយសោកត្រង់

     លាក់ការឈឺចាប់ស្លាប់ទើបបាត់បង់  ស្តាយកាយធ្លាប់ខ្ញង់បង់ព្រោះសង្រ្គាម។

  ៤.នេះរឿខ្ញុំពិតជីវិតយោធា  គ្មានបុណ្យស័ក្តិងារវេទនាគ្រាំក្រៀម

     ខ្វះអ្នកអាណិតយល់ចិត្តចុងឈាម  ពិការទ្រាំស្ងៀមបៀមព្រួយចាំស្លាប់។                          

    

លីម ចំរើន ១៤.០៨.២០១៣

ប្រុសព្រាន

(បទ ពាក្យ៨ទំនើប)

  ១.ភ្លៀងអើយកុំធ្លាក់អ្នកឲ្យខ្ញុំយំ                                   ព្រួយចិត្តសន្ធំដូចភ្នំសង្កត់

     នឹកឃើញរឿងដើមផ្តើមសោកជូរចត់                        ស្នេហ៍ប្រែកំសត់ប្រុសក្បត់សាវា។

  ២.កាលស្នេហ៍ដំបូងច្រូងថែថ្នាក់ថ្នម                            បំពេរបីបមថ្នមឥតសង្កា

     ប្រុសបងភក្តីប្រណីមេត្តា                                         ស្រីស្លាប់ចិន្តាប្រាថ្នាជាប្តី។

  ៣.ពេលដែលបងស្គាល់ពាល់ខ្លួនប្រាណអស់              ដួងចិត្តធ្លាប់ស្មោះដោះដូរប្តូរស្រី

     បីដូចកន្លង់ហើរស្រង់ផ្កាថ្មី                                        ផ្កាដើមរីងរៃផ្កាស្រីក្រៀមស្វិត។

  ៤.នេះហើយចិត្តប្រុសមិនខុសទឹកហូរ                         ផ្លាស់ឥតអាសូរប្តូរទីឆ្ងាយជិត

     ទោះបីអូនស្មោះភ្លេចអស់មិនគិត                             បងគ្មានអាណិតចិត្តជាប្រុសព្រាន។

 

លីម ចំរើន ១៣.០៨.២០១៣

ព្រះដ៏អស្ចារ្យ

(បទ ពាក្យ៨ទំនើប)

  ១.ព្រះដ៏អស្ចារ្យមហាមានគុណ                                   ធំធេងក្រៃលន់ធ្ងន់ហួសប្រមាណ

     គឺព្រះម៉ែឪនៅថ្នមកល្យាណ                                    ជួយកូនគ្រប់ប្រាណសព្វឋានផែនដី។

  ២.ផ្តល់ជាតិកំណើតបង្កើតស្រីប្រុស                            ប្រដៅកូនខុសបណ្តុះវិន័យ

     ផ្លូវខុសឲ្យវាងទៀងត្រង់ជោគជ័យ                            ជួបលាភសិរីជួបក្តីមង្គល។

  ៣.បើគ្មានម៉ែឪនៅក្នុងលោកា                                     គ្មានយើងទេណាចិន្តាត្រូវយល់

     នេះជាការពិតជីវិតឫសគល់                                    កុំងោះងងល់ពុលឆ្កួតភ្លេចគុណ។

  ៤.ដូចនេះរូបយើងភ្លើងចិត្តកុំមាន                                ប្រឹងធ្វើបុណ្យទានមានចិត្តគិតមុន

     តបគុណម៉ែឪកុំនៅទម្រន់                                       ល្បិចលេសច្រើនលន់ភ្លេចគុណព្រះរស់។

    

លីម ចំរើន ១៣.០៨.២០១៣

រដូវចំរៀងមកដល់ហើយ

 

ឥលូវខ្ញុំដល់ពេលឆ្កួតនឹងការតែងបទចំរៀងហើយ គ្រប់កំណាព្យ (បទ ពាក្យ៨ទំនើប) នឹង(បទ បថ្យាវត្ត) ដែលខ្ញុំបានតែង នឹងបង្ហោះផ្សាយថ្មីៗនេះ សុទ្ធតែអាចយកមកច្រៀងលេងតាមលំនាំបទកាលពីដើមទាំងអស់ ព្រោះខ្ញុំសាកល្បងរួចហើយ តែមិនពិរោះទើបមិនបង្ហោះឲ្យស្តាប់។

 សូមអភ័យទោសផង បើឆ្ងល់ហេតុអ្វីខ្ញុំហៅ (បទ ពាក្យ៨ទំនើប) ព្រោះកាលខ្ញុំរៀន បទពាក្យ ៨ គឺជួន នឹងព្យាង្គទី៣ ឬ ព្យាង្គទី៥។ បើជួននឹងព្យាង្គទី៤ ដូចពាក្យ៨ធម្មតា នោះគ្មានឡើយ គឺគេប្រើភាគច្រើនសម្រាប់តែងទំនុកចំរៀងទេ។

មានដែរជួនព្យាង្គទី៤ នោះ គេហៅថា(បទ បថ្យាវត្ត)មានកំណើតយូរមកហើយ តែខុសត្រង់ជួនឆ្លងវគ្គមិនដូច

(បទ ពាក្យ៨) ធម្មតាទេ។  ឯរឿងខ្ញុំហៅ ថា(បទពាក្យ៨ទំនើប) នោះ វិញ គឺ ហៅ តាមចិត្តឯងទេ ព្រោះកុំឲ្យគេ ឬ​ ខ្ញុំច្រឡំថា ជាបទ ពាក្យ៨  (ម្យ៉ាង គេច្រឡំច្រើនហើយហៅថាបទពាក្យ៨)

 

ប្រសិនបើមានខុសទាស់ត្រង់ចំណុចណាមួយ សូមអភ័យទោសខ្ញុំផង មិនមែនអ្នកសាវជ្រាវអីទេ តែអាងសម្តីគ្រូ និង សៀវភៅចាស់ៗ

ក្រមុំចាស់

(បទ ពាក្យ៨ទំនើប)

  ១.កត្តិកធ្លាក់ខ្យល់គេងខ្វល់ម្នាក់ឯង                            មិនដឹងត្រូវថ្លែងស្តែងប្រាប់អ្នកណា

     ទុក្ខព្រួយក្នុងចិត្តរួមរឹតឈឺផ្សា                                  ខ្វះអ្នករក្សាឯកាកំព្រា។

  ២.ខ្ញុំក្រមុំចាស់ច្បាស់ណាស់ជ្រេវ័យ                             តើផលកម្មអ្វីគ្មានប្តីជាគ្នា

     អ្នកផងសើចយំជំនុំនិន្ទា                                          បេះដូងរងាវេទនាកាយ.ចិត្ត។

  ៣.ស្តាយដែលកាលក្មេងលេងចាយសម្រស់                ក្រមុំហួសអស់ខ្សោះដូចផ្កាស្វិត

     កន្លង់ហើរវាងភ្នែកដៀងសើចពិត                             នឹកឡើងតូចចិត្តជីវិតអត់ប្តី។

  ៤.សូមព្រហ្មទេព្តាមេត្តាប្រទាន                                   ទ្រង់បើកទិព្វញាណចង់ស្ពានមេត្រី

     គូខ្ញុំឆាប់កើតកំណើតជាប្តី                                       មកលួងថ្នមបីភក្តីខ្ញុំផង។

    

លីម ចំរើន ០៩.០៨.២០១៣

មន្តស្នេហ៍បេឡា

(បទ ពាក្យ៨ទំនើប)

  ១.រាត្រីយប់ស្ងាត់សត្វយំរងំ                                         ចង្រិតស្រែកយំក្បែរ គុម្ពឫស្សី

     នាំចិត្តស្រណោះសម្រស់ស្រស់ស្រី                          បេឡាមកថ្មីដីខេត្តស្ទឹងត្រែង។

  ២.ជួបភក្រ្តអូនម្តងចិត្តបងលួចស្នេហ៍                           ចង់ថ្នាក់ថ្មមក្បែរថែទុកម្នាក់ឯង

     អូនស្អាតអស្ចារ្យអក្ខរាហួសថ្លែង                              កវីប៉ិនតែងស្តែងប្រាប់មិនអស់។

  ៣.តើស្រស់នឹមនួនស្រីស្ងួនឈ្មោះអ្វី?                         បងលង់ស្នេហ៍ស្រីរីងរៃកាយខ្សោះ

     បាយទឹកភ្លេចឃ្លានវិញាណហើរហោះ                      បងស្នេហ៍អូនស្មោះដោះចិត្តមិនបាន។

  ៤.មន្តស្នេហ៍បេឡាប្រហារចិត្តបង                               វិញជាចំណងចងជាប់ចិត្តប្រាណ

     សូមផ្តល់ស្នេហ៍បងផងមកកល្យាណ                       ជីវិតសុខសាន្តបានអូនជាគូ។

 

លីម ចំរើន ០៩.០៨.២០១៣

វាស់ដីជួបស្នេហ៍

(បទ ពាក្យ៨ទំនើប)

  ១.ជំនោរត្រជាក់ខ្យល់ធ្លាក់ប៉ះកាយ  ដួងចិត្តនឹកស្តាយកាយឃ្លាតឆ្ងាយដី

     ឃ្លាតទាំងស្រណោះសម្រស់ស្រស់ស្រី  ខានស្តាប់សម្តីធ្លាប់ស្តីសាកសង។

  ២.ទឹកដូងផ្អែមឆ្ងាញ់ចាញ់សម្រស់មុំ  រាំវង់ចិត្តធំខ្ញុំលួចគិតផ្សង

     វាស់ដីជួបស្នេហ៍ប្រែជាចំណង  ទាក់ជាប់ចិត្តចងប៉ងស្នេហ៍ឥតក្រែង។

  ៣.តើស្រស់ស្រីស្ងួនដឹងខ្លួនឬអត់  និស្សិតកំសត់កត់ស្នេហ៍ស្ទឹងត្រែង

     ភូមិស្រែក្រសាំងតាំងស្នេហ៍ជាក់ស្តែង  គេងព្រួយចំបែងតែងនឹករកស្រី។

  ៤.ជំនោរត្រជាក់សូមអ្នកជួយនាំ  យកចិត្តឈឺគ្រាំពាំចោលនៅព្រៃ

     នាំយកពាក្យល្អបវរមានន័យ  លួងលោមស្រស់ស្រីបេតីខ្ញុំផង។

លីម ចំរើន ០៨.០៨.២០១៣

ជីវិតជាស្រីKaraoka

(បទ ពាក្យ៨ទំនើប)

  ១.តន្រ្តីញ័រញាក់ជាក់លើកកែវស្រា                              ស្រវាំងនេត្រាស្រវ៉ាឱបស្រី

     លូកលួចបេះបោចស្លៀកខើចសាច់ខ្ចី                       បំប៉នចំណីចំណង់តណ្ហា។

  ២.ជីវិតជាស្រីKaraoka                                        សូមកុំខឹងជេរលួចស្អប់ខ្ញុំណា

     អាសូរខ្ញុំផងតបស្នងគ្រួសារ                                     ខ្វះខាតត្រូវការដុល្លារផ្គត់ផ្គង់។

  ៣.ខ្ញុំលក់ថ្ពាល់ស្រស់សាច់ស្រស់ប្តូរកាយ                    ផឹកស៊ីសប្បាយខ្វល់ខ្វាយឆោតល្ងង់

     ទ្រាំពាក្យនិន្ទាដាក់ងារគ្រប់ជ្រុង                                ដូចអ្នកកើតឃ្លង់គំរង់ស្អុយពិត។

  ៤.ខ្ញុំសូមប្រាថ្នាវាចាឆ្លើយច្បាស់                                  បើមានឱកាសខ្ញុំផ្លាស់ប្រែចិត្ត

     ចេញពីជ្រាំភក់នរកងងឹត                                         មេត្តាអាណិតយល់ចិត្តខ្ញុំផង។

 

លីម ចំរើន ០៥.០៨.២០១៣

ខ្យល់ត្រជាក់

(បទ ពាក្យ៨ទំនើប)

  ១.ខ្យល់អើយត្រជាក់ខ្យល់ធ្លាក់ពីជើង                          ខ្យល់បីដូចភ្លើងដុតឆេះចិន្តា

     ខ្យល់ដុតប្រុសស្រីឥតស្តីវាចា                                  ដុតអ្នកឯកាខ្លោចផ្សាគ្រប់ផ្លូវ។

  ២.ខ្យល់ដុតទាំងខ្ញុំសន្ធំជាប់ស្អិត                                  ខ្យល់ហាក់ដុតចិត្តឲ្យខ្ញុំគិតទៅ

     ខឹងច្រណែនខ្យល់ព្រួយសល់សោកនៅ                    ខ្យល់បានថ្នមពៅនៅរាល់រាត្រី។

  ៣.ខ្ញុំចង់ក្លាយកាយជាខ្យល់ត្រជាក់                             ខ្យល់មិនចិត្តយក្សធ្លាក់ព្យុះអប្រិយ

     ខ្យល់គេត្រូវការប្រាថ្នាគ្រប់វ័យ                                 ខ្យល់នៅក្បែរស្រីថ្នមបីគ្រប់គ្រា។

  ៤.ខ្យល់អើយខ្យល់ធ្លាក់អ្នកពិតអស្ចារ្យ                         ខ្យល់ប៉ះកាយាឱរារងា

     សូមខ្យល់ជួយនាំពាំយកកាព្យា                                ទៅប្រាប់ពុំងាឃ្លាខ្ញុំនឹកណាស់។

                                                                                 

លីម ចំរើន ០៥.០៨.២០១៣