ការចេះលើកទឹកចិត្តខ្លួនឯងគ្រប់ពេលជាកត្តានាំទៅរកភាពជោគជ័យរកទីបំផុតគ្មាន

Archive for ខែសីហា, 2013

ស្រអែមស្រស់

(បទ ក្របចក្រវាឡ មេពាក្យ៩)

  ១.ស្រអែមស្រស់ អស់លើសស្រី នៃលោកា                  គ្មានស្រីណា ហាហ៊ានផ្ទឹម នឹមនួនឡើយ

     ពេញស្រីខ្មែរ ស្នេហ៍មុខណាស់ ច្បាស់ដល់ហើយ      បងសូមឆ្លើយ ឲ្យអូនយល់ គល់បំណង។

  ២.ឃើញអូនភ្លាម រៀមវង្វេង ឃ្លេងឃ្លោងចិត្ត                ដើរដេកគិត ពិតឥតប្រែ ស្នេហ៍នួនល្អង

     វាចាទន់​ មន្តសណ្តំ ចំភ័ក្រ្តបង                                 ដូចចំណង ចង់ជាប់ស្អិត ចិត្តស្នេហា។

  ៣.ភ្នែកអូនធំ មុំមានផ្នត់ ម៉ដ្ឋផែនថ្ពាល់                        បងចង់ស្គាល់​ ញ័រចង់ថើប ស្រើបកាយា

     ចិញ្ចើមខ្វង់​ ត្រង់ច្រមុះ ឆ្លុះនេត្រា                              ស្អាតអស្ចារ្យ ថាមិនភរ លមាសមេ។

  ៤.បងស្រលាញ់ ក្នាញ់អូនពិត ចិត្តប្រាថ្នា                     តើជីវ៉ា ថាម្តេចដែរ ស្នេហ៍បងទេ?

     បើអូមព្រម ល្មមបងស្ម័គ្រ ដាក់ទុនទ្វេ                       ចិត្តឥតរេ ផ្ទេជូនស្រី ក្តីស្នេហ៍ស្មោះ។

 

លីម ចំរើន ០១.០៨.២០១៣

ស្រមោលអតិត

(បទបថ្យាវត្ត)

(ស)   ១.       នឹកឃើញរឿងដើមសើមជោកនេត្រា               (ប)           ព្រោះអ្វីជីវ៉ាអូនប្រាប់បងមក

(ស)              រឿងបងក្បត់ស្រីនោះអីពន្លក                          (ប)           អូនអើយកុំយកមកគិតទៀតអី។

(ប)    ២.       រូបបងជាប្រុសក្នុងនាមជាប្តី                             (ប)          សូមអូនអភ័យបងឈប់ខុសហើយ

(ស)              អូនត្រេកអរណាស់ពិតដូចបងឆ្លើយ               (ស)  ថ្ងៃមុខថ្ងៃក្រោយឈប់ខុសទៀតទៅ។

(ប)    ៣.       បងសូមសន្យាសច្ចាប្រាប់ពៅ                          (ប) ពាលាខុសផ្លូវមិនធ្វើទៀតទេ

(ស)              អូនសុំសំខាន់ហាមក្បត់មាសមេ                    (ស)  មានស្រីដូចគេធ្វើប្រុសសាវា។

(រួម)   ៤.       ស្រមោលអតិតចិត្តធ្លាប់ឈឺផ្សា                     (រួម)           យើងពិតស្រស់ថ្លាព្រោះចេះស្តាប់គ្នា

(រួម)              ប្តីនិងប្រពន្ធចិត្តធ្ងន់ទប់មារ                            (រួម)           ចិត្តយក្សគ្រប់គ្រាគ្រួសារសុខសាន្ត។

 

លីម ចំរើន ៣០.០៧.២០១៣

 

រឿងពិតស្នេហ៍យើង

 

(បទបថ្យាវត្ត)

(ប)    ១.       នឹកឡើងភ្នែកសើមផ្តើមហាក់ឈឺផ្សា                (ប)          ស្រវាំងនេត្រាមើលមិនយល់អ្វី

(ស)              ឱប្រុសបងអ្ហើយបងកុំយំអី                            (ស)  មិនមែនចិត្តស្រីក្បត់ប្រុសបងឡើយ។

(ប)    ២.       បងជឿបានទេសម្តីអូនឆ្លើយ                           (ស)         ពិតណាស់បងអ្ហើយអូនអាចស្បថបាន

(ប)               តើស្នេហ៍យើងព្រាត់ព្រោះអ្វីកល្យាណ              (ស)         គ្រួសាររុញច្រានបង្ខំអូនទេ។

(ប)    ៣.       អូនគិតត្រូវហើយកែវស្រស់មាសមេ                   (ប)        បងឈប់ខឹងជេរលួចស្អប់ទៀតហើយ

(ស)              អូនអរគុណណាស់បងយល់ត្រាណត្រើយ         (ស)       អូនទុក្ខឥតស្បើយនឹកបងដូចគ្នា។

(រួម)   ៤.       រឿងពិតស្នេហ៍យើងព្រាត់រស់ព្រោះមារ             (រួម)        វណ្ណៈខុសគ្នាសូមជួបជាតិមុខ

(រួម)              អូនហើយនិងបងផ្សងរស់ផុតទុក្ខ                        (រួម)      រៀបការពេញមុខសោយសុខមង្គល។

 

លីម ចំរើន ២៤.០៧.២០១៣

លាហើយស្ទឹងត្រែង

(បទបថ្យាវត្ត)

  ១.លាហើយស្ទឹងត្រែងកន្លែងធ្វើការ                  លាហើយបាយផ្សារម្ហូបគ្រប់កន្លែង

     លាមុងពូកខ្នើយធ្លាប់កើយម្នាក់ឯង                 លាមិត្តធ្លាប់ថ្លែងចចារគ្រប់វ័យ។

  ២.ខ្ញុំលាទៅស្រុកជួបកូនប្រុសស្រី                     ជួបស្នេហ៍ភក្តីប្រពន្ធខ្ញុំហើយ

     ព្រោះឃ្លាតគ្នាយូរទូលទុក្ខឥតស្បើយ             ចង់ណាស់កៀកកើយថ្នមថែរក្សា។

  ៣.ឥលូវបំណងខ្ញុំប៉ងប្រាថ្នា                              រស់ជុំគ្រួសារកូនស្រីកូនប្រុស

     បានហុចផ្លែផ្កាផល្លាសាយសុស                    ខ្ញុំទ្រាំមិនខុសរង់ចាំថ្ងៃនឹង។

  ៤.លាហើយស្ទឹងត្រែងទន្លេព្រែកស្ទឹង                ខ្ញុំធ្លាប់សម្លឹងសញ្ជឹងនឹកស្រុក

     លាអនុស្សាវរីយ៍,សប្បាយចាប់ចុក                 លាកៅអីតុទៅស្រុកខ្ញុំវិញ។                                                    

លីម ចំរើន ២៤.០៧.២០១៣

ខ្ញុំស្នេហ៍ស្រីម្នាក់

(បទបថ្យាវត្ត)

  ១.ភ្លៀងធ្លាក់ស្រឹបៗសម្រឹបឮសូរ                      ហ៊ីងក្អាត់ផ្តើមថ្ងូរយំសូររងំ

     ឆ្លងឆ្លើយឌីដងសាកសងប្រគុំ                         តន្រ្តីមនោរម្យនាំចិត្តគិតស្រី។                                                

  ២.ខ្ញុំស្នេហ៍ស្រីម្នាក់លួចលាក់ព្រួយភ័យ             គ្រាំចិត្តរីងរៃនឹកគិតឥតល្ហែ

     បញ្ជាក់ប្រាប់បានលង់ប្រាណជាប់ស្នេហ៍        ពិតចង់ឲ្យម៉ែពុកដណ្តឹងនាង។

  ៣.សូមខ្យល់និងផ្គរស្នូរកំពុងភ្លៀង                    មេត្តាជួយច្រៀងប្រាប់ចិត្តខ្ញុំផង

     ទៅដល់ស្រស់ស្រីយល់ចិត្តបំណង                ថាខ្ញុំលួចផ្សងប៉ងស្រីជាគូ។

  ៤​.បើព្រមស្នេហ៍ហើយឆ្លើយកុំនៅយូរ               ឬស្រីមានគូប្រាប់ការពិតមក

     ឲ្យបងដកចិត្តស្នេហ៍ស្រីពន្លក                        ត្រៀមចិត្តទ្រាំយកសោយទុក្ខម្នាក់ឯង។

លីម ចំរើន ២៦.០៧.២០១៣

គូមិនបានព្រាង

(បទពាក្យ៨ទំនើប)

  ១.គូមិនបានព្រាងទៀងហាក់ចៃដន្យ                 បានជួបតូចតន់នៅវត្តសៀមប៉ាង

     ក្នុងថ្ងៃចូលឆ្នាំពិតដូចសំណាង                       រាំវង់ផ្តើមសាងពន្លកស្នេហ៍ថ្មី។

  ២.វង្សភក្ត្រផូរផង់ស្រីស្រស់ដូចខែ                     ពេញអង្គស្រីខ្មែរគួរឲ្យបេតី

     ប្រុសណាឃើញហើយពិតឆ្លើយស្នេហ៍ស្រី     វត្តពោធិជ័យសាក្សីប្រាប់បាន។

  ៣.ស្នេហ៍យើងស្នេហ៍ស្មោះអស់ពីដួងចិត្ត           ស្នេហ៍នេះស្នេហ៍ពិតមិនក្បត់សាមាន្យ

     បងមិនមែនព្រានចិត្តសត្វតិរិច្ឆាន                   សូមស្រីកុំស្មានថាបងសាវា។

  ៤.អ្នកតាកាឡាំងតាំងនៅក្បាលស្ពាន                លោកពិតទ្រង់ញាណតាមថែរក្សា

     ស្នេហ៍យើងពីរប្រាណសមដូចប្រាថ្នា              ជួបជុំរៀបការសោយសុខមង្គល។

លីម ចំរើន ១៨.០៧.២០១៣

(គេងកើយសោយទុក្ខ)

បទពាក្យ៨ទំនើប

   ១. ចាំបាត់ចាំបាត់ស្ងាត់សូន្យដំណឹង               ភ្នែកអូនសម្លឹងសញ្ជឹងមើលផ្លូវ

      គេងកើយសោយទុក្ខមុខព្រួយសោកនៅ    ព្រោះបងឃ្លាតទៅឲ្យខ្លោចផ្សា។

  ២.ស្អប់បាយណាយទឹកល្ងាចព្រឹកភ្លេចឃ្លាន    កាយឥតវិញាណយំនឹករៀមរ៉ា

      ស្រណោះកន្លែងតែងធ្លាប់ចរចា                បងនឹងជីវ៉ាសាងស្នេហ៍រួមគ្នា។

  ៣. ក្រមុំសៀមប៉ាងសូមសាងភក្តី                  ស្មោះឥតមានថ្មីរង់ចាំពុំងា

      បងមករកអូនសាងក្បូនរួមគ្នា                    ឆ្លងកាត់ព្យុះមាររកត្រើយសុខសាន្ត។

  ៤. វិលវិញមកបងអូនសូមអង្វរ                      កុំធ្វើចិត្តថ្មអាសូរកល្យាណ

      បងកុំចិត្តដាច់ផ្តាច់ស្នេហ៍រុញច្រាន             ចិត្តកាយ,អូនបានជូនបងអស់ហើយ។

តែងថ្ងៃទី១៩.០៧.១៣

ព្រួយព្រោះព្រាត់ស្នេហ៍

បទបថ្យាវត្ត

     ១.ភ្លៀងរលឹមស្រិចគេចនឹកមិនបាន           ស្រមោលប្រុសប្រាណហាក់ជាប់ភ្នែកស្រី

          ស្រណោះគ្រាដើមបងធ្លាប់ថ្នមបី            រាល់ពេលរាត្រីសោយសុខកន្លង។

      ២.អូនស្តាប់ទឹកហូរលើ ទ ឆ្លើយឆ្លង           ស្រក់ដូចហៅបងឲ្យស្ងួនវិលវិញ

          សូម្បីកូនក្អាត់,ហ៊ីងសត្វទុក្ខម្នេញ           យំស្រែកទន្ទិញព្រួយនឹកបងដែរ។

      ៣.តើបងដឹងទេអូនព្រួយឥតល្ហែ               ព្រួយព្រោះព្រាត់ស្នេហ៍ខំថែរក្សា

          បើអូនខុសអ្វីសូមប្រុសវាចា                   ប្រាប់មកជីវ៉ាអូនកែវិញបាន។

      ៤.សូមបងវិលវិញឆាប់មកកល្យាណ          មកថ្នាក់ថ្នមប្រាណផ្តើមស្នេហ៍ជាថ្មី

          ដោះសោកព្រួយអូនដោយចិត្តប្រណី      ធ្វើប្រពន្ធប្តីសោយសុខមង្គល។

 

តែងថ្ងៃទី១៨.០៧.១៣

 

 

ម៉ាប់អើយអូនម៉ាប់

(បទបថ្យាវត្ត)

  ១.ម៉ាប់អើយអូនម៉ាប់សាច់ហាប់ទ្រលុក        បងគន់មើលមុខសែនស្រស់ផូរផង់

     ញញឹមមន្តស្នេហ៍អូនដើរស្អាតខ្ញង់             បីដូចតួអង្គម៉ូតដែលតារា។

  ២.មានគូឬនៅសូមពៅវាចា                         ចិត្តបងប្រាថ្នាសុំស្នេហ៍បានទេ?

     បងនិយាយពិតកុំខឹងលួចជេរ                   ខុសហើយមាសមេស្នេហាប្រុសស្រី។

  ៣.បងស្នេហ៍អូនមែនមានមេឃមានដី          ទេព្តាសាក្សីបញ្ជាប់ប្រាប់បាន

     បងមិនមែនព្រានកន្លង់សាមាន្យ               ក្រេបផ្កាសព្វឋានបោះបង់នោះឡើយ។

  ៤.បើអូនបេតីបងមិនកន្តើយ                        ប្រាប់ម៉ែពុកឲ្យគាត់ដណ្តឹងស្រី

     យកអូនជាគូរួមរស់មេត្រី                          សាងគ្រួសារថ្មីសោយសុខមង្គល។

លីម ចំរើន ០៥.០៧.២០១៣